2025-01-10 10:29
26

ក្រចេះ៖ ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអនុវត្តផែនការចុះវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាការបានផ្តល់សន្តិសុខ សុវត្ថិភាពកាន់កាប់ដីធ្លីធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពផ្លូវចិត្ត ចូលរួមទប់ស្កាត់ និងបញ្ហាជម្លោះដីធ្លីកុំឱ្យកើតមាន ជាពិសេសងាយស្រួលរៀបចំផែនការបានច្បាស់លាស់លើការគ្រប់គ្រងដីធ្លី ប្រកបដោយចីរភាព ស្របតាមផែនការមេ។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន ០២ ភូមិ ស្ថិតនៅបរិវេណវត្តសោបណារាម (សោបលើ) គឺមានភូមិព្រែកព្រលូង និងភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ អមដំណើរដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះជួយមូលដ្ឋាន ស្រុកព្រែកប្រសព្វផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ «គិតរហូតដល់ដើមខែមករា ឆ្នាំ២០២៥ នេះ ខេត្តក្រចេះ បានសម្រេចប្រកាសតំបន់វិនិច្ឆ័យបាន ចំនួន ២៧៧ ភូមិ ស្មើនឹង ៤៤/៤៨ ឃុំ-សង្កាត់ ៧ ក្រុង-ស្រុក និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះតាមបទបញ្ជាលេខ ០១បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៤៥ ៥១៨ ក្បាលដី»។ 

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលជម្រុញការវាស់វែងដីធ្លី ដើម្បីចេញប្លង់កម្មសិទ្ធស្របឱ្យបងប្អូនប្រជាពលរដ្ឋកាន់កាប់នេះ គឺមិនត្រឹមតែដើម្បីការពារសុវត្ថិភាពផ្លូវចិត្ត សន្តិសុខក្នុងការគ្រប់គ្រងដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែវាជាការចូលរួមទប់ស្កាត់ ដោះស្រាយទំនាស់ដីធ្លី និងរៀបចំផែនការបានច្បាស់លាស់ក្នុងការគ្រប់គ្រងដីធ្លីនៅទូទាំងប្រទេស។ 

ឥឡូវនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំនូវចំណាត់ថ្នាក់ដីក្នុងខេត្តថា ជាដីប្រភេទវិនិយោគរោងចក្រ សហគ្រាស, ជាដីដាំដំណាំកសិឧស្សាហកម្ម, ជាដីបង្កបង្កើនផល ។ល។ 

ដើម្បីរៀបចំផែនការប្រើប្រាស់ដីធ្លីឱ្យល្អនិងចំគោលដៅ»។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «ប្រសិនបើមិនមានការវាស់វែងចុះបញ្ជីដីធ្លីត្រឹមត្រូវទេនោះ នៅរាជរដ្ឋាភិបាលចង់អភិវឌ្ឍន៍ពង្រីកផ្លូវឱ្យធំទូលាយកុំឲ្យមានការលំបាក ដូចពាក្យតែងពោលថា “ធ្វើផ្លូវតម្រូវផ្ទះ” ព្រោះតែគ្មានផែនការមេច្បាស់លាស់ អញ្ចឹងបងប្អូនប្រជាពរដ្ឋយើងសាងសង់ផ្ទះ របង និងធ្វើអ្វីផ្សេងៗតាមអំពើចិត្ត ប៉ុន្តែពេលដែលមន្ត្រីជំនាញសុរិយោដី ចុះវាស់វែងដីធ្លី ដើម្បីចុះបញ្ជីជាប្រព័ន្ធ គឺបានទុកចំណីផ្លូវ ចំណីបឹង ចំណីស្ទឹង ចំណីអូរ ចំណីទន្លេ មិនអាចរំលោភយកបានឡើយ»។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា៖ «អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការវាស់វែងចុះបញ្ជីដីធ្លីទូទាំងប្រទេស លើក្បាលដីនៅសល់ប្រមាណ ៥ លានក្បាលដី ក្នុងនោះខេត្តក្រចេះ ក៏បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែងក្នុងដំណាច់ឆ្នាំ២០២៥ នេះ លើក្បាលដីប៉ាន់ស្មានក្នុងខេត្តមានប្រមាណ ១១៨ ០០០ ក្បាលដីក្នុងភូមិចំនួន ២៥៥ ភូមិ នៃឃុំចំនួន ៣៨ ឃុំ។

លោករដ្ឋមន្ត្រីបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ «ចាប់ពីពេលទទួលបានប្លង់កម្មសិទ្ធស្របច្បាប់នេះតទៅយកទៅប្រើប្រាស់ គ្រប់គ្រងឱ្យបានល្អ ថែរក្សាឱ្យបានល្អ ហើយប្រាកដជាមានសុវត្ថិភាពផ្លូវចិត្ត សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី និងលេងកើតមានជម្លោះជាមួយអ្នកជិតខាងទៀតទេ ហើយបើធ្លាប់មានជម្លោះពីមុនមក សូមឱ្យរំសាយចោលទៅ បន្តទំនាក់ទំនងគ្នាជាធម្មតាក្នុងនាមជាអ្នកជិតខាងដ៏ល្អ»៕