យោងទៅតាមការសិក្សាមួយរបស់ចក្រភពអង់គ្លេស បានរកឃើញភស្តុតាងបន្ថែមទៀតថាមនុស្សដែលមានជាតិកាល់ស្យូមច្រើននៅក្នុងរបបអាហាររបស់ពួកគេ ស្មើនឹងទឹកដោះគោមួយកែវក្នុងមួយថ្ងៃ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនបាន។
នេះបើតាមអ្នកស្រាវជ្រាវ បានធ្វើការវិភាគទៅលើរបបអាហាររបស់ស្ត្រីជាងកន្លះលាននាក់ដែលមានអាយុលើសពី ១៦ ឆ្នាំ ហើយបានរកឃើញថាស្លឹកបៃតងខ្មៅ នំបុ័ង និងទឹកដោះគោដែលមិនមែនជាទឹកដោះគោ ដែលមានជាតិកាល់ស្យូមក៏មានឥទ្ធិពលការពារពួកគេពីជំងឺមហារីកពោះវៀនបានផងដែរ។
ក្នុងនោះក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញភស្តុតាងបន្ថែមទៀតថា ប្រសិនបើអ្នកដែលទទួលទាននូវគ្រឿងស្រវឹង និងសាច់កែច្នៃច្រើនពេក វាអាចមានឥទ្ធិពលផ្ទុយគ្នាដែលជាហេតុបង្កើននូវហានិភ័យនៃជំងឺនេះបាន។
ជាមួយគ្នានេះដែរ អង្គការសប្បុរសធម៌ផ្នែកមហារីកនិយាយថា ការមានរបបអាហារដែលមានសុខភាពល្អ មានតុល្យភាព ការមានទម្ងន់ដែលមានសុខភាពល្អ និងការបញ្ឈប់រាល់ការជក់បារី គឺជាវិធីដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយនូវហានិភ័យមហារីកពោះវៀនបានកាន់តែប្រសើរ។
តើគ្រាន់តែការផឹកទឹកដោះគោមួយកែវ ក្នុងមួយថ្ងៃវាមានឥទ្ធិពលយ៉ាងណាចំពោះសុខភាព?
បើយោងទៅតាមការពិនិត្យឡើងវិញនាពេលថ្មីៗនេះ បានរកឃើញថាផលិតផលទឹកដោះគោ ប្រហែលជាមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ទាំងនេះដោយសារតែវាមានជាតិកាល់ស្យូម ដែលមានមកពីអាហារទឹកដោះគោ ឬមិនមែនទឹកដោះគោ ហើយនេះគឺយោងទៅតាមការសិក្សាមកពីសាកលវិទ្យាល័យ Oxford និងអ្នកស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសបានបង្ហាញ។
ក្នុងនោះផងដែរ ការបន្ថែមកាល់ស្យូម 300mg ក្នុងមួយថ្ងៃក្នុងរបបអាហារ ឬទឹកដោះគោមួយកែវធំជួយកាត់បន្ថយហានិភ័យរបស់អ្នករហូតទៅដល់ 17% ឯណោះ។
តែប្រសិនជាអ្នកបរិភោគនូវអាហារពេលព្រឹកដោយ គ្រាប់ធញ្ញជាតិ, ផ្លែឈើ, គ្រាប់ធញ្ញជាតិដែលមានកាបូអ៊ីដ្រាត ជាតិសរសៃ និងវីតាមីន C ក៏បានបង្ហាញដែរថា ពួកវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន ប៉ុន្តែបានត្រឹមតែបន្តិចប៉ុណ្ណោះបើធៀបទៅនឹងការផឹកទឹកដោះគោ។
តើកាល់ស្យូមអាចជួយអ្វីបានខ្លះដល់សុខភាពរបស់អ្នក? ហើយតើមានអាហារប្រភេទអ្វីខ្លះដែលមានផ្ទុកនៅក្នុងកាល់ស្យូម?
កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ពង្រឹងឆ្អឹង និងរក្សាធ្មេញរបស់អ្នកឱ្យមានសុខភាពល្អ ប៉ុន្តែក៏មាននូវភស្តុតាងកាន់តែច្រើនឡើងថែមទៀតដែរ ដែលបានបង្ហាញថាវាអាចការពារសុខភាពអ្នកក្នុងការប្រឆាំងទៅនឹងជំងឺមហារីកមួយចំនួនបានផងដែរ។
ព្រោះជាតិកាល់ស្យូមមានច្រើននៅក្នុងទឹកដោះគោ ទឹកដោះគោជូរ និងឈីសជាដើម។
ដោយក្នុងនោះផលិតផលទឹកដោះគោ គឺជាប្រភពសំខាន់មួយរបស់វានៅក្នុងរបបអាហារ ។
វាក៏មានវត្តមាននៅក្នុងអាហារផ្សេងទៀតដូចជា ភេសជ្ជៈសណ្តែកសៀង និងអង្ករ នំបុ័ងពណ៌ស គ្រាប់ធញ្ញជាតិ និងផ្លែឈើដូចជា ផ្លែល្វាស្ងួត ខាត់ណាអង្កាញ់ និងត្រីសាឌីនកំប៉ុង ហើយវាក៏មាននៅក្នុងទឹកដោះគោដែលគ្មានជាតិ lactose ផងដែរ។
យោងតាមការសិក្សាបាននិយាយថា កាល់ស្យូមអាចការពារនិងជួយប្រឆាំងនឹងជំងឺមហារីកពោះវៀនបាន "ព្រោះវាអាចភ្ជាប់ទៅនឹងអាស៊ីតទឹកប្រមាត់ និងអាស៊ីតខ្លាញ់សេរីនៅក្នុងពោះវៀនធំ ដោយកាត់បន្ថយឥទ្ធិពលដែលអាចបង្កមហារីក"។
ហេតុអ្វីបានជាជំងឺមហារីកពោះវៀនមានការកើនឡើងទៅលើមនុស្សយ៉ាងដូច្នេះ?
មានករណីមហារីកពោះវៀនប្រហែល 44,000 ករណីជារៀងរាល់ឆ្នាំនៅក្នុងចក្រភពអង់គ្លេស ដែលធ្វើឱ្យវាក្លាយជាមហារីកទូទៅបំផុតទីបួនទៅហើយ។
បើទោះបីជាករណីភាគច្រើនកើតលើមនុស្សចាស់ក៏ដោយ ក៏អត្រានៃជំងឺមហារីកកំពុងកើនឡើងក្នុងចំណោមមនុស្សវ័យជំទង់ក្រោមអាយុ 50 ឆ្នាំផងដែរ ប៉ុន្តែនៅមិនទាន់មានហេតុផលណាមួយច្បាស់លាស់ក្នុងការបញ្ជាក់ពីមូលហេតុទាំងនេះនោះទេ។
ប៉ុន្តែក្នុងនោះអ្នកជំនាញក៏បានបញ្ជាក់ដែរថា របបអាហារមិនល្អ និងការធាត់អាចស្ថិតក្នុងចំណោមកត្តាពាក់ព័ន្ធនឹងជំងឺនេះបាន។