2025-01-09 16:30
50

ភ្នំពេញ៖ មេធាវីរដ្ឋាភិបាលកម្ពុជា លោក គី តិច បានលើកឡើងថា «ការវិនិច្ឆ័យដោយអគតិរបស់អមនុស្សដែលមានខួរពណ៌ខ្មៅ»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ក្រុមប្រឆាំងនៅក្រៅស្រុកប្រឌិតនូវក្លែងក្លាយចោទប្រកាន់មកលើថ្នាក់កម្ពុជាទាំងងងើល។

មេធាវីរដ្ឋាភិបាល លោក គី តិច បានសរសេរលើបណ្តាញទំនាក់ទំនងផ្លូវការរបស់លោកថា៖ «នៅថ្ងៃទី៧-១-២០២៥ លោកលឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី»

ក្នុងឋានៈជាជនជាតិខ្មែរតែមួយ លោក គី តិច បានសរសេរទៀតថាថា៖ «ខ្ញុំសុំចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសព និងសុំប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង និងប្រកាសថ្កោលទោសពេញមួយទំហឹង ចំពោះអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិតធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទំលាក់កំហុសបង្វែដាក់លើថ្នាក់ដឹកនាំជាតិ នៃព្រះរាជាណាចក្រកម្ពុជា»។ 

លោក គី តិច បានបញ្ជាក់ថា «ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ»។ លោកបានលើកឡើងបន្ថែមទៀតថា៖ ខ្ញុំឆ្ងល់ និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរ បែបនេះ?

មេធាវីរាជរដ្ឋាភិបាល លោក គី តិច បានរំឭកជូនសាធារណជនជ្រាបថា «អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»

សូមជម្រាបថា លោក លឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរម្នាក់ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា កន្លងទៅ។ 

ជនសង្ស័យជាខ្មានុកាំភ្លើង មានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក ត្រូវបាន សមត្ថកិច្ចនគរបាលជាតិកម្ពុជា ចាប់ខ្លួននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្រោយរត់គេចខ្លួនពីប្រទេសថៃមកកាន់ខេត្តជាប់ព្រំដែនរបស់កម្ពុជា។

ករណីនេះ សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ៕