2025-01-08 13:43
45

ក្រចេះ៖       ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីភាពប្រារព្វមីទ្ទីញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តក្រចេះ។

ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានចូលរួមជាអធិបតីជាមួយថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់ឥស្សរជនជាថ្នាក់ដឹកនាំ យុទ្ធជន និងយុទ្ធនារីរបស់គណបក្សប្រជាជនកម្ពុជា។ 

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ អំពីភូមិសាស្ត្រទូទៅរបស់រដ្ឋបាលខេត្ត ពីការរីកចំរើន ការអភិវឌ្ឍន៍ ​ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ថ្ងៃទី៧ មករា ក៏ជាថ្ងៃវិសេសវិសាលនៃការរំឭកឡើងវិញ ពីការជួយសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតទ្បើងវិញទាន់ពេលវេលា រួចផុតពីអំពើសោកនាដកម្ម ការធ្វើទារុណកម្ម សព្វបែបយ៉ាង និងការកាប់សម្លាប់ ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និងរបស់មនុស្សជាតិប្រព្រឹត្តឡើងដោយក្រុមខ្មែរក្រហម ប៉ុល ពត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា៖ មីទ្ទិញអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ជាថៃ្ងបុណ្យជាតិដ៏សំខាន់ ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង ៣លាននាក់។ ក្នុងរបបដ៏ខ្មៅងងឹតនេះ ប្រជាជនខ្មែរគ្រប់រូប ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់។ 

ឯកឧត្តមបានបញ្ជាក់ថា៖ «ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជា ដែលសេសសល់ពីការការកាប់សម្លាប់ មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ជារួម បើគ្មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ ។ ស្មារតី ៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ»

ជាមួយគ្នានេះ ៧ មករា ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជន និងជាតិពីចំនុចសូន្យ។ អ្វីដែលពិសេសបន្ថែមទៀត ៧ មករា ក្រោមស្មារតីបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងនាំសន្តិភាពពេញលេញជូនជាតិ និងប្រជាជន ទើបអាចបង្កើតបាននយោបាយ «ឈ្នះ-ឈ្នះ» បង្កើតឡើងដោយកូនខ្មែរសុទ្ធសាទ នាំសន្តិភាពពេញលេញ ដែលយើងបាត់បង់ជាង ៥០០ឆ្នាំមកហើយ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់យើងគ្រប់គ្នា សម្រាប់ការអភិវឌ្ឍ និងអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ៕