ឧត្តរមានជ័យ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានករណីជនបរទេសប្រមាណជិត ៦០ នាក់ បាននាំគ្នារត់ចេញពីអគារកាស៊ីណូមួយកន្លែង នៅច្រកទ្វាអន្តរជាតិអូរស្មាច់ ជាប់ព្រំដែនកម្ពុជា-ថៃ ប្រដាប់ដោយដំបងស្ទើគ្រប់ដៃនាំគ្នាប្រឆាំងតវ៉ា ភ្លាមៗនោះ ត្រូវបានអាជ្ញាធរខេត្តឧត្តមានជ័យ ចុះទៅបង្ក្រាប និងទប់ស្កាត់ ព្រោះខ្លាចកើតមានអំពើហិង្សា។
ពាក់ព័ន្ធហេតុការពណ៍ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នេះ បានសេចក្តីប្រកាសព័ត៌មាន៖ «ករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧ នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូ អូរស្មាន់ រីសត ដោយក្នុងដៃមានកាន់ដំបងឈើ ដោយសារតែជនបរទេសទាំងនោះតវ៉ា ក្រោយមេការជនជាតិចិន គាប់សង្កត់ កេងប្រវេញកម្លាំងពលកម្ម ឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាក និងបានបើកប្រាក់ខែឱ្យពួកគេ»។
អ្នកនាំពាក្យស្នងការនគរបាលខេត្តឧត្តមានជ័យ បានបញ្ជាក់ថា៖ «នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង០នាទី មានបុគ្គលិកជនជាតិបរទេសរបស់ក្រុមហ៊ុនក្នុងកាស៊ីណូ អូរស្មាច់ រីសត ចំនួន ៥៧ នាក់ ជនជាតិ ប៉ាគីស្ថាន៥៣នាក់ (ស្រី២នាក់) និង ណេប៉ាល់ ចំនួន ០៤ នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង៥៧នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ»។
ក្រោយបញ្ចប់ការសួរនាំជនជាតិបរទេសទាំងនោះ ពួកគេបានឱ្យដឹងថា «បានមកស្នាក់នៅ និងធ្វការងារក្នុងប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយនាខេត្តព្រះសីហនុ អស់រយះពេលពីប្រមាណ ២ទៅ៣ខែ មកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគេឲ្យមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូ អូរស្មាច់ រីសត ក្នុងខេត្តឧត្ដរមានជ័យវិញ»។
ក្រោយពួកគេបានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូ «អូរស្មាច់ រីសត» បានរយៈពេល១០ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុនដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណងតវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។
ក្រោយធ្វើការសាកសួរទៅលើជនបរទេសទាំង៥៧នាក់រួចរាល់ ស្នងការនគរបាលខេត្តឧត្តមានជ័យ បានបញ្ជូនជនជាតិប៉ាគីស្ថាន ចំនួន ៥៣ នាក់ និងណេប៉ាល់ ចំនួន ០៤ នាក់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕