ភាពតានតឹងខាងផ្នែកពាណិជ្ជកម្មអាចកំពុងធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច ប៉ុន្តែទោះបីជាមានការប្រឈមភ្លាមៗបែបនេះយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើងក្នុងល្បឿនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។
តាមពិតទៅនៅឆ្នាំ ២០៥០ ទីផ្សារពិភពលោកត្រូវបានគេព្យាករណ៍ថានឹងមានទំហំបច្ចុប្បន្នរបស់វាទ្វេដង ទោះបីជាអង្គការសហប្រជាជាតិបានព្យាករណ៍ថាចំនួនប្រជាជនពិភពលោកនឹងកើនឡើងត្រឹមតែ ២៦% ប៉ុណ្ណោះ។
ការរីកចម្រើននេះនឹងនាំមកនូវការផ្លាស់ប្តូរជាច្រើន។
បើទោះបីជាវាអាចជាការលំបាកក្នុងការទស្សន៍ទាយថាតើអនាគតនឹងកើតឡើងយ៉ាងណាក៏ដោយ តែអ្នកសេដ្ឋកិច្ចភាគច្រើនបានធ្វើការយល់ស្របគ្នាទៅលើរឿងមួយនោះគឺ៖ ទីផ្សារកំពុងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅថ្ងៃអនាគតជាមិនខាន។
យោងតាមរបាយការណ៍របស់ The World ក្នុងឆ្នាំ ២០៥០ ដោយក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈអន្តរជាតិ PwC ក្នុងរយៈពេល ៣០ ឆ្នាំ ប្រទេសចំនួន ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោកចំនួន ៧ នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ ដោយវ៉ាដាច់សហរដ្ឋអាមេរិក (ធ្លាក់ចុះពីលេខ ២ ដល់លេខ ៣) ប្រទេសជប៉ុន (ធ្លាក់ចុះពីលេខ ៤ ដល់លេខ ៨) និងអាល្លឺម៉ង់ (ធ្លាក់ពីលេខ៥ ដល់លេខ៩)។ យោងតាមរបាយការណ៍បានឱ្យដឹងថា សូម្បីតែប្រទេសដែលមានសេដ្ឋកិច្ចតិចតួចដូចជាវៀតណាម ហ្វីលីពីន និងនីហ្សេរីយ៉ា នឹងមើលឃើញការលោតផ្លោះដ៏ធំនៅក្នុងចំណាត់ថ្នាក់រៀងៗខ្លួនក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខទៀតផងដែរ។
តើក្នុងឆ្នាំ ២០៥០ នឹងមានប្រទេសមហាអំណាចណាខ្លះដែលអាចគ្រប់គ្រងពិភពលោកបាន?
ឥឡូវនេះ មកឈ្វេងយល់ពីប្រទេសចំនួនប្រាំ ដែលត្រូវបានគេទស្សន៍ទាយថាអាចនឹងក្លាយទៅជាប្រទេសមហាអំណាចក្នុងការគ្រប់គ្រងពិភពលោកនាពេលអនាគត៖
+ ចិន
យោងតាមការវាស់វែងដោយ GDP ដោយភាពស្មើគ្នានៃអំណាចទិញ (PPP) ដែលកែតម្រូវភាពខុសគ្នានៃកម្រិតតម្លៃនៅទូទាំងប្រទេស ប្រទេសចិនមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោករួចទៅហើយ។
ដោយក្នុងនោះគេបានមើលឃើញពីការកើនឡើងនៃសេដ្ឋកិច្ចដ៏ធំក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍កន្លងមកនេះរួចមកហើយ ដែលអ្នកសេដ្ឋកិច្ចចិនបានធ្វើការប៉ាន់ប្រមាណថា វាគ្រាន់តែជាចំណុចកំពូលមួយសម្រាប់អ្វីដែលអាចនឹងកើតមាននាពេលអនាគតរបស់ប្រទេសចិន។ ពេលនេះប្រទេសចិនទាំងមូលកំពុងតែផ្លាស់ប្តូរ ។
ហើយចំពោះការផ្លាស់ប្តូរនេះដែរ វាក៏កំពុងទាក់ទាញក្រុមសហគ្រិនថ្មីស្រឡាង និងអ្នកផ្សេងទៀតដែលកំពុងស្វែងរកឱកាសហិរញ្ញវត្ថុចំពេលដែលសេដ្ឋកិច្ចចិនកំពុងតែមានការរីកចម្រើនដែលហាក់មានការហក់ឡើងខ្ពស់មិនឈប់ឈរឡើយ។
ក្នុងនោះ ទីក្រុងធំជាងគេរបស់ប្រទេសចិនគឺ សៀងហៃ គឺជាកន្លែងដែលអ្នកចំណូលថ្មីជាច្រើនបានធ្វើការចាប់ផ្តើម ដោយសារតែ សៀងហៃ គឺជាទីក្រុងដែលមានគំនិតច្នៃប្រឌិត និងពាណិជ្ជកម្មខ្លាំង។
ទោះយ៉ាងណាក៏ដោយ ដើម្បីធ្វើការ និងរស់នៅទីនេះ ជនបរទេសត្រូវរៀនភាសាចិនកុកងឺ។
ព្រោះថាប្រសិនជាគ្មានភាសាចិនកុកងឺ អ្នកនឹងរកឃើញជម្រើសរបស់អ្នកដែលមានកម្រិតសម្រាប់ការងារ និងក្នុងរង្វង់សង្គម និងវប្បធម៌ផងដែរ។
ហើយដោយសារតែការផ្ទុះឡើងនៃសេដ្ឋកិច្ចយ៉ាងដចនេះហើយ ទើបធ្វើឲ្យគេអាចទស្សន៍ទាយបានថាក្នុងឆ្នាំ ២០៥០ ចិន អាចនឹងប្រែក្លាយប្រទេសរបស់ខ្លួនទៅជាមហាអំណាចមួយក្នុងការគ្រប់គ្រងពិភពលោកបាន។
+ ប្រទេសឥណ្ឌា
ឥណ្ឌា ត្រូវបានគេដឹងថាជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក ហើយក៏ត្រូវបានគេរំពឹងផងដែរថានឹងមើលឃើញពីកំណើននៃសេដ្ឋកិច្ចដ៏ច្រើនក្នុងរយៈពេលបីទសវត្សរ៍ខាងមុខទៀត ដែលជាមធ្យមកំណើនទាំងនេះគឺកើនបាន ៥% នៃ GDP ក្នុងមួយឆ្នាំក្នុងប្រទេសរបស់ខ្លួន ដែលធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក។
នៅឆ្នាំ ២០៥០ ឥណ្ឌាត្រូវបានគេធ្វើការព្យាករណ៍ថា អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក (វ៉ាដាច់សហរដ្ឋអាមេរិក) ហើយនឹងមាន ១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកផងដែរ។
ក្នុងនោះ គេបានមើលឃើញថាពេលនេះ សេដ្ឋកិច្ចឥណ្ឌាកំពុងតែមានការរីកចម្រើនឡើងៗ ដែលជាហេតុបាននាំឱ្យមានការផ្លាស់ប្តូរជាច្រើននៅក្នុងរបៀបរស់នៅរបស់មនុស្សក្នុងប្រទេសឥណ្ឌាចាប់តាំងពីភាពរស់រវើកនៅក្នុងទីក្រុង រហូតដល់អាកប្បកិរិយានៅក្នុងសង្គមផងដែរ។
ដោយបានមើលឃើញពីភាពរស់រវើកដូចនេះហើយ ទើបអាចឲ្យគេធ្វើការប៉ាន់ប្រមាណបានថា ទៅថ្ងៃអនាគតឥណ្ឌាអាចនឹងក្លាយទៅជាប្រទេសមហាអមណាចមួយក្នុងការគ្រប់គ្រងពិភពលោកក្នុងឆ្នាំ ២០៥០ ផងដែរ។
+ ប្រេស៊ីល
ប្រេស៊ីល ត្រូវបានគេចាត់ទុកថាជាមហាអំណាចនៅអាមេរិកខាងត្បូង ដែលត្រូវបានកំណត់ថាទៅអនាគតអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចទីប្រាំ របស់ពិភពលោកនៅឆ្នាំ ២០៥០ ដោយវ៉ាដាច់ប្រទេសជប៉ុន អាល្លឺម៉ង់ និងរុស្ស៊ីនៅក្នុងដំណើរការនេះផងដែរ។
ព្រោះថា ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប ប្រេស៊ីលបានប្រែក្លាយភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះប៉ុណ្ណោះ។
ប្រេស៊ីលបានក្លាយជាប្រទេសដែលទទួលយកបច្ចេកវិទ្យាដំបូងគេស្របពេលដែលក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងតែមានកំណើនខ្ពស់បានប្រែថាអតិផរណាខ្ពស់ផងដែរ។
ជាលទ្ធផលនៃការចំណាយខ្ពស់ក្នុងការការពារសាច់ប្រាក់ប្រឆាំងនឹងអតិផរណា ប្រេស៊ីលបានក្លាយជាអ្នកត្រួសត្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ហើយប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមក្រុមហ៊ុនយក្សរបស់ពិភពលោកផ្សេងទៀតក្នុងការរុករករ៉ែ កសិកម្ម និងផលិតកម្ម ហើយវាមានវិស័យសេវាកម្មដ៏រឹងមាំ និងរីកចម្រើនយ៉ាងឆាប់រហ័សទៀតផង។
ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច អ្នកចំណូលថ្មីជាធម្មតាត្រូវបានគេស្វាគមន៍នៅទីនេះ ជាពិសេសប្រសិនបើពួកគេរៀនភាសា ព្រោះថាប្រេស៊ីលជាប្រទេសរួសរាយរាក់ទាក់ណាស់ដែលចូលចិត្តស្វាគមន៍ជនបរទេស។
ប្រជាជនប្រេស៊ីលមិនសូវជាបុគ្គលនិយម និងជាមនុស្សសង្គមច្រើនជាងនោះទេ។
ពួកគេចូលចិត្តនៅពេលដែលជនបរទេសបង្ហាញចំណាប់អារម្មណ៍មកលើវប្បធម៌ និងភាសារបស់ពួកគេ។
ទាំងនេះហើយជាហេតុផល ដែលធ្វើឲ្យគេអាចប៉ាន់ស្មានបានថា ទៅថ្ងៃអនាគត ប្រេស៊ីល អាចនឹងក្លាយទៅជាប្រទេសមហាអំណាចមួយរបស់ពិភពលោកជាមិនខានក្នុងឆ្នាំ ២០៥០។
+ ម៉ិកស៊ិក
នៅឆ្នាំ ២០៥០ ម៉ិកស៊ិកអាចនឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៧របស់ពិភពលោកដោយពេលនេះ ម៉ិកស៊ិក បានលោតឡើងមកត្រឹមចំណាត់ថ្នាក់ទី ៤ ពីចំណាត់ថ្នាក់ទី ១១ នាពេលបច្ចុប្បន្ននេះ។
ការផ្តោតសំខាន់ទៅលើការផលិត និងការនាំចេញបានជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនជាច្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានរារាំងនៃការកើនឡើង នៃសក្តានុពលរបស់ខ្លួនយ៉ាងណាក៏ដោយ។
សម្រាប់រយៈពេល ១០ ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិកបានរីកចម្រើនយ៉ាងខ្លាំង ព្រោះថាតម្លៃប្រេងសាំងបានកើនឡើងទ្វេដងក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ ហើយតម្លៃប្រាក់ប៉េសូម៉ិកស៊ិកបានធ្លាក់ចុះប្រហែល ៥០% បើធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។
ហើយចំពោះការថែទាំសុខភាព និងការដឹកជញ្ជូនវិញ នៅម៉ិកស៊ិក គឺពិតជាមានតម្លៃសមរម្យជាងនៅសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុបទៅទៀត។
ហើយនេះ អាចជាកត្តារួមផ្សំមួយដែលអាចប្រែក្លាយ ម៉ិកស៊ិក ឲ្យក្លាយទៅជាមហាអំណាចមួយរបស់ពិភពលោកនាពេលអនាគត។
+ នីហ្សេរីយ៉ា
មួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅទ្វីបអាហ្រ្វិកគឺ នីហ្សេរីយ៉ា បានត្រៀមខ្លួនរួចជាស្រេចក្នុងការរីកលូតលាស់ដោយលោតផ្លោះនៅឆ្នាំ ២០៥០ ដោយសារតែសេដ្ឋកិច្ចជាមធ្យមនៅ នីហ្សេរីយ៉ាគឺមានចំនួន ៤.២% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនឡើងប្រាំបីកន្លែងពីចំណាត់ថ្នាក់ទី ២២ ចុះមកនៅត្រឹមចំណាត់ថ្នាក់ទី ១៤ វិញ។
ខណៈពេលដែលរដ្ឋាភិបាលបានតស៊ូជាមួយអំពើពុករលួយ ហើយអ្នកស្រុកក៏មានអាកប្បកិរិយាជាសហគ្រិនដែលជាហេតុបន្តជំរុញឲ្យប្រទេសនេះឆ្ពោះទៅមុខ។
យោងតាមទិន្នន័យរបស់ Global Entrepreneurship Monitor ប្រជាជននីហ្សេរីយ៉ាជាង ៣០% គឺជាសហគ្រិនថ្មី ឬជាម្ចាស់អាជីវកម្មថ្មី ក្នុងចំណោមអត្រាខ្ពស់បំផុតក្នុងពិភពលោក។
ព្រោះថាសូម្បីតែបញ្ហាប្រឈមរបស់ប្រទេសនេះ ដូចជាការដឹកជញ្ជូនសាធារណៈតិចតួចក៏ដោយ ក៏អាចក្លាយទៅជាឱកាសអាជីវកម្មបានផងដែរ។
កត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យគេហ៊ានសន្និដ្ឋានថា ក្នុងឆ្នាំ ២០៥០ នីហ្សេរីយ៉ា អាចប្រែក្លាយទៅជាមហាអំណាចមួយរបស់ពិភពលោក។
តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងប្រាំនេះ?