2025-01-04 12:53
36

កណ្តាល៖ ក្មេងទំនើង ចំនួន ០៤នាក់ ជាសមាជិកក្នុងក្រុម CK កាហ្វេកុង ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីរងចាំចំណាក់បន្តតាមនិតិវិធី និងចេញដីកាតាមចាប់ខ្លួនបក្ខពួកដែលនៅសេសបន្ថែមទៀត ដែលពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០១០ អ.ក ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទ ចំនួន ០៤ នាក់ រួមមាន៖ 

១- ឈ្មោះ កែម ភារុណ ភេទប្រុស អាយុ ១៧ឆ្នាំ (មានខ្លួន), ២- ឈ្មោះ ភឹន ភូមិរី ហៅ ហ៊ីង ភេទប្រុស អាយុ ១៦ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ក្មេងទំនើងវាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

៣- ឈ្មោះ ផាត ផារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ក្មេងទំនើងវាយគ្នាទៅវិញទៅមក) ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២១៨ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន

៤- ឈ្មោះ សូត ផាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ក្មេងទំនើងវាយគ្នាទៅវិញទៅមក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

អ្នកនាំពាក្យបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យលើឯកសារ និងភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទាំង០៤នាក់ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។

សូមជម្រាបថា ក្រុមក្មេងទំនើង ចំនួន ០៤ នាក់ រហ្សសនាម «ក្រុម CK កាហ្វេកុង» ក្នុងចំណោមបក្ខពួក ចំនួន ១២ នាក់ ពាក់ព័ន្ធករណី ហិង្សាចេតនា បង្កឡើងកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង៣០នាទី រំលងអាធ្រាត នៅចំណុច ផ្លូវកោងផ្លូវជាតិលេខ២ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ សហការជាមួយស្នងការនគរបាលខេត្តកណ្តាល ស្រាវជ្រាវក្របួចបានមួយសំបុក យកមកសាកសួរ និងសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ក្រុមក្មេងទំនើង រហស្សនាម «ក្រុម CK កាហ្វេកុង» គឺល្បីល្បាញខាងដើរវ៉ា កាប់ចាក់អ្នកដទៃ ដើម្បីកាត់សាញ ឬបញ្ចេញកំហឹងរបស់ខ្លួនជាការកម្សាន្តលេង ហើយសមត្ថកិច្ចតែងបង្ក្រាបបក្ខពួកក្រុមក្មេងទំនើងទាំងនេះជាបន្តបន្ទាប់ យកទៅអនុវត្តតាមច្បាប់តឹងរឹងបំផុតផងដែរ។

បច្ចុប្បន្ន ក្រុមក្មេងទំនើង ចំនួន ០៤ នាក់ ជាសមាជិកក្រុម CK កាហ្វេកុង នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះក្នុងពន្ធនាគារខេត្តកណ្តាល និងចេញដីកាតាមចាប់ខ្លួនបក្ខពួកដែលនៅសេសបន្ថែមទៀត មិនឱ្យគេចផុតពីសំណាញ់ច្បាប់ឡើយ៕