2025-01-05 13:30
12

កំពង់ស្ពឺ៖ តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ចំបក់ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទៅទស្សនាកម្សាន្ត ស្រូវខ្សល់ធម្មជាតិ ដ៏ជាក់កាយក្រោយម្លប់ព្រៃឫស្សីក្រាស់ឃ្មឹកអមសងខាងផ្លូវ អមដោយសូរសៀងដ៏រណ្តំសំឡេងសត្វបក្សាបក្សី ស្រែកច្រៀងត្រហឹងហឺងកងផងដែរ។

ដោយសារតែមានទេសភាពព្រៃព្រឹក្សា នៅតាមដងផ្លូវពោរពេញដោយព្រៃឬស្សីដ៏ក្រាស់ឃ្មឹក ដែលជាម្លប់ដ៏ត្រជាក់សម្រាប់អ្នកដំណើរ ហើយមួយវិញទៀតលក្ខណៈពិសេសរបស់ទឹកធ្លាក់នេះគឺ មិនមានការកែច្នៃអ្វីនោះឡើយ ថែមទាំងបានទាក់ទាញភ្ញៀវទេសចរជាច្រើន ជាពិសេស គឺភ្ញៀវទេសចរបរទេស។ ក្រៅពីសក្តានុពលទេសធម្មជាតិទឹកធ្លាក់សហគមន៍ចំបក់ ក៏មានសេវាម្ហូបអាហារ និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលមកលេងកំសាន្តផងដែរ។

សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតនៅ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ទឹកធ្លាក់ចំបក់មានព្រំប្រទល់ជាប់នឹងឧទ្យានជាតិគិរីរម្យផ្ទាល់តែម្តង។ នៅពេលដែលចូលដល់ផ្លូវចូលឧទ្យានជាតិគិរីរម្យហើយ ត្រូវធ្វើដំណើរបន្តប្រមាណ ១០ គីឡូម៉ែត្រ ទើបទៅដល់ទេសចរណ៍ធម្មជាតិមួយនេះ និងត្រូវធ្វើដំណើរថ្មើរជើងដើរកាត់ភ្នំជាងមួយគីឡូ ដើម្បីដល់ទឹកធ្លាក់មួយនេះ។

ការធ្វើដំណើរកាត់ព្រៃដែលមានតែសំឡេងសត្វយំឆ្លងឆ្លើយគ្នា លាយឡំដោយក្លិនបុប្ផាធម្មជាតិពិតជាធ្វើឲ្យអារម្មណ៍អ្នកទេសចរស្រស់ប្លែកពីការកម្សាន្តនានា៕