ភ្នំពេញ៖ ស្រ្តីម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ «Je Roth» និងតិកតុកឈ្មោះ «srey Roth» ព្រមទាំងកូនប្រុសចូលខ្លួនសុំទោសសាធារណៈដែលបង្ហោះវីដេអូប្រើពាក្យពេចន៍មិនសមរម្យមកលើសមត្ថកិច្ច និងយល់ព្រមការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ២៥ ម៉ឺនរៀល ដែលកូនប្រុសគាត់បើកបរម៉ូតូក្រោមឥទ្ធិពលជាតិស្រវឹងកម្រិត ០,២៩Mg/l នៅខណ្ឌចំការមន។
នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ស្រ្តីម្នាក់ឈ្មោះ Je Roth និងឈ្មោះ Srey Roth ដែលបាននិយាយចោទប្រកាន់ សមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមន នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ចុះត្រួតពិនិត្យជាតិស្រវឹង ដោយខឹងសមត្ថកិច្ចផាកពិន័យកូនប្រុសគាត់ ចំនួន ២៥ ម៉ឺនរៀល បើកបរម៉ូតូក្រោមឥទ្ធិពលជាតិស្រវឹង ពេលនេះគាត់បានទទួលស្គាល់កំហុសរបស់គាត់ និងទទួលការផាកពិន័យ ចំនួន ២៥ម៉ឺនរៀល ហើយក៏ចេញមកបកស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន និងធ្វើការសុំទោសជាសាធារណៈ ចំពោះការនិយាយមិនសមរម្យ មកលើសមត្ថកិច្ច និងផ្ដល់ភាពស្អាតស្អំជូនសមត្ថកិច្ច ដោយសារគាត់ខឹងខ្លាំងពេក ព្រមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច និងលុបវីដេអូរបស់គាត់ចេញ និងសំណូមពរដល់បងប្អូននៅក្នុងបណ្តាញសង្គម មេត្តាកុំយកវីដេអូរបស់គាត់ដែលបានធ្វើវីដេអូនិយាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងតុកតុក (tik tok) ទៅផ្សព្វផ្សាយបន្ត ដែរធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ។
សូមជម្រាបថា នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង០០នាទី នៅគោលដៅត្រួតពិនិត្យជាតិស្រវឹង ខាងមុខធនាគារ ABA មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន បានធ្វើការត្រួតពិនិត្យអ្នកបើកបរម៉ូតូ ០១ គ្រឿង ម៉ាកហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IL-6081 ដែលមានកម្រិតជាតិអាកុល 0,29 mg/L។ ក្រោយការពិនិត្យ ម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការផាកពិន័យ និងក្រោយមកស្រាប់តែមានគណនីឈ្មោះ «Srey Roth» ដែលត្រូវជាម្តាយម្ចាស់ម៉ូតូ PCX បានបង្ហោះលើបណ្តាញសង្គមតិកតុក (TikTok) បានចេញវីដេអូនិយាយទំលាក់កំហុសមកលើសមត្ថកិច្ចថាអនុវត្តន៍ខុសច្បាប់ ដោយបានពិន័យ ២៥០,០០០រៀល ឱ្យ ២០០,០០០រៀល មិនព្រមយកហើយយកម៉ូតូទៅរក្សាទុកនៅខណ្ឌ។
ពាក់ព័ន្ធករណីនជ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺដោយបញ្ជាក់ថា៖ ការផាកពិន័យយោងទៅតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបររថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥mg/L-០,៣៩mg/L សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យ ចំនួន ២៥ ម៉ឺនរៀល, សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យ ចំនួន ៤០ ម៉ឺនរៀល និងសម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យ ចំនួន ៨០ ម៉ឺនរៀល។ ដោយឡែកចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យ ចំនួន ១ លានរៀល, សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យ ចំនួន ២ លានរៀល និងសម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យ ចំនួន ៤ លានរៀល។
ពាក់ព័ន្ធរឿងរ៉ាវនេះ ក្រុមមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមកបំភ្លឺតបនឹងស្ត្រីម្នាក់ មានគណនីហ្វេសប៊ុក «Je Roth» និងតិកតុក ឈ្មោះ «srey Roth» ដែលលើកឡើងថា «នគរបាលចរាចរណ៍ ដោះដូរនឹងប្រាក់ មិនអនុវត្តច្បាប់បញ្ជូនកូនប្រុសខ្លួន ទៅពន្ធនាគារ ករណីបើកបរទាំងស្រវឹង» ដោយលោក ទូច សុឃៈ (សុខៈ) បានលើកឡើងអំពីអង្គហេតុ អង្គច្បាប់ពន្យល់យ៉ាងលម្អិតផងដែរ៕