កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នេះ បានធ្វើការបញ្ជាក់ថា៖ «ករណីអំពើរំលោភសេពសន្ថវៈបង្កដោយបុរសជាឪពុកចុង ប្រព្រឹត្តលើកូនស្រីជាអានីតិជន ដែលកើតមាននៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជនល្មើសដែលជាឪពុកចុងរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ រួចរាល់ហើយ រីឯក្មេងស្រីរងគ្រោះត្រូវបានគាំពារដោយអាជ្ញាធរយ៉ាងយកចិត្តទុកដាក់បំផុត»។
រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ថ្មីៗនេះ មានការចែកចាយព័ត៌មាន នៅលើបណ្តាញសង្គម អំពីករណីអំពើរំលោភសេពសន្ថវៈរបស់ឪពុកចុងទៅលើ កូនស្រីដែលជាអនីតិជន រហូតមានផ្ទៃពោះ (កូនក្នុងផ្ទៃ៦ខែ) រស់នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានភ្ជាប់នឹងសំណូមពរដល់ថ្នាក់ដឹកនាំជួយអន្តរាគមន៍ទៅដល់ជន រងគ្រោះផងដែរ។
ចំពោះករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មាន ថា៖ «ជនល្មើសដែលជាឪពុកចុងរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាមរួចហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំពោះក្មេងស្រី ដែលជាជនរងគ្រោះ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយ នឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់នូវការគាំពារផ្សេងៗ»។
រដ្ឋបាលខេត្ត ក៏បានចាត់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានជួបផ្ទាល់ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ ផងដែរ និងបានស្នើសុំឲ្យបញ្ឈប់ការចែកចាយព័ត៌មាននេះ ដើម្បីចូលរួមគាំពារដល់កិត្តិយសជនរងគ្រោះ និងក្រុមគ្រួសារ។
រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់សាធារណៈជន ដែលបានសម្តែងនូវការខ្វាយខ្វល់ យកចិត្តទុកដាក់ដល់សុខទុក្ខរបស់ជនរងគ្រោះ៕