កណ្តាល៖ ពិតជាគួរឱ្យរន្ធបំផុត បុរស និងនារី ចំនួន ០២ នាក់ កំពុងធ្វើសំណើរដោយជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែចៃដន្យអាក្រក់ មានរថយន្តស្តារិចមួយគ្រឿង កំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ផ្ទុះកង់មុខរេចង្កូតជ្រុលទៅបុកម៉ូតូពេញមួយទំហឹងអូសជាច្រើនម៉ែត្រ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ ២១ ត្រង់ចំណុច ស្ពានលេខ ៣៤ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល កើតហេតុ នាវេលាម៉ោង ១០ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះ។
តាមប្រពភព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្គគ្រោះថ្នាក់ចរាចរ ម៉ាក ស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-8623 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-3404 ជិះគ្នាចំនួន ០២ នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ក ស្តារិច បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់ផ្ទុះកង់ឮសូរដូចគ្រាប់បែក និងបានរ៉េចង្កូតជ្រុលបុកម៉ូតូ ០១ គ្រឿង ទាំងកំរោលអូសជាច្រើនម៉ែត្រ បង្កទៅជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យមនុស្សម្នា កំពុងធ្វើដំណើរភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត រងបួសធ្ងន់ ត្រូវបានជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចចុះអន្តរគមន៍ភ្លាមៗ និងធ្វើការវាស់វែងប្រមូលវត្ថុតាងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ រីសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕