ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាងនគរបាលខណ្ឌដង្កោ ដេញតាមនិងឡោមព័ទ្ធចាប់បាន ខណៈពួកគេរត់គេចខ្លួនចូលទៅក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពវាយនិងកាប់យុវជនម្នាក់កំពុងអង្គុយលើម៉ូតូរង់ចាំជួបសង្សារ ប្លន់យកបានម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ។ នៅត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះទី១,ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទី២,ឈ្មោះ លុច រ័ត្ន អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ពួកគេមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយក៏មានសារធាតុញៀនក្នុងខ្លួនទៀតផង ។ នគរបាលក៏ដកហូតបានដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ០១ដើម ,ម្សៅក្រាមពណ៌សថ្លាចំនួន០២ថង់តូច ,ម៉ូតូម៉ាកហុងដាគុបចង្កៀងជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ គ-7596ភព១ មួយគ្រឿង (ម៉ូតូចាស់) ជាមធ្យោបាយជិះធ្វើសកម្មភាព ។
ចំណែកជនរងគ្រោះឈ្មោះ ផេង វុទ្ធី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ បាត់បង់ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KD-9094 ។
សមត្កិច្ចបាននិយាយថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូចេញពីម្ដុំស្ពានម៉ាឡេ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅឈប់នៅត្រង់ចំណុចកើតហេតុខាងលើ ហើយអង្គុយលើម៉ូតូរង់ចាំជួបសង្សារ ដែលធ្វើការខារ៉ាអូខេ ។ ពេលនោះស្រាប់តែជនសង្ស័យ០២នាក់ ក្នុងនោះម្នាក់កាន់មួកសុវត្តិភាព និងម្នាក់ទៀតកាន់កាំបិតបុ័ងតោង ដើរចេញពីគុម្ពោធព្រៃ នៅក្បែរផ្លូវ៥០ម៉ែត្ររួចធ្វើសកម្មភាពវាយទម្លាក់ពីលើម៉ូតូ និងដេញកាប់ថែមទៀត ប៉ុន្តែកាប់មិនត្រូវដោយយុវជនរងគ្រោះរត់គេចរួច ។
សមត្ថកិច្ចបានប្រាប់ទៀតថា បន្ទាប់មកជនសង្ស័យខាងលើក៏បានយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលហើយក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលខណ្ឌដង្កោ ឲ្យជួយធ្វើការស្រាវជ្រាវ ហើយរហូតដល់វេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ទើបនគរបាលកំណត់បានមុខសញ្ញាជនសង្ស័យនិងចុះទៅឃាត់ខ្លួន ។ ពេលនោះជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃមាត់ស្ទឹងព្រែកត្នោ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយក៏ត្រូវបានកម្លាំងនគរបានខណ្ឌដង្កោ រួមនិងនគរបាលប៉ុស្តិ៍មួយចំនួនទៀតឡោមព័ទ្ធចាប់ខ្លួនបាន២នាក់ ចំណែកបក្សពួកម្នាក់ទៀតរត់រួច ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួននគរបាលបានបាននាំជនសង្ស័យទៅធ្វើការសួរនាំ ហើយពួកគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ជនរងគ្រោះខាងលើមែន ។ បន្ទាប់មកបានយកទៅលក់ឲ្យអ្នកទិញមិនស្គាល់ឈ្មោះ ភេទប្រុសម្នាក់ អាយុប្រមាណ៤៨ឆ្នាំ នៅម្តុំខណ្ឌទួលគោក រាជធានីភ្នំពេញក្នុងតម្លៃ២០០ដុល្លារ (ពីររយដុល្លារអាមេរិក) ហើយកន្លងមកពួកខ្លួនធ្លាប់បានធ្វើសកម្មភាពប្លន់២លើករួចមកហើយ ។ បន្ទាប់មកទៀតនគរបាលក៏បាននាំជនសង្ស័យទៅយកម៉ូតូគុបជ្រុងដែលជិះធ្វើសកម្មភាព ហើយពួកគេបានលាក់ទុកនៅក្នុងព្រៃមួយកន្លែងនៅជិតភូមិអន្លង់គង ព្រមទាំងដាវ១ដើមទៀតលាក់ទុកនៅក្នុងព្រៃជិតភូមិបាគូសង្កាត់ដង្កោ រួមនិងក្រាមពណ៌សថ្លាចំនួន០២ថង់តូចផងដែរផងដែរ ៕