2025-01-05 14:07
25

កំពង់ចាម៖ ឆ្នេរខ្សាច់កោះប៉ែន គឹជាតំបន់រមណីដ្ឋានធម្មជាតិ ដ៏ស្រស់ស្អាត និងមានសក្តានុពលទាក់ទាញភ្ញៀវទេសជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនារដូវប្រាំង។ ឆ្នេរខ្សាច់ទន្លេនេះ បានបណ្តែតខ្លួនយ៉ាងល្វឹងល្វើយ ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម តែម្តង។

មណីយដ្ឋាន «ឆ្នេរខ្សាច់កោះប៉ែន» ឆ្នាំនេះត្រូវបានរៀបចំឡើងវិញ មានការខុសប្លែកជាងរាល់ឆ្នាំ ពោលគឺមានផ្លូវចេញចូលធំទូលាយ ទាំងកន្លែងចំណតរថយន្តម៉ូតូ មានបង្គន់អនាម័យចល័ត មានពោងទឹកខ្នាតមធ្យមសម្រាប់ក្មេងលេង និងមានការរៀបចំគ្រែលំហែកាយ ដោយមានការកំណត់តារាងមុខម្ហូប និងសេវាកម្មផងដែរ។

ឆ្នេរខ្សាច់កោះប៉ែន មិនមែនទើបតែល្បាញល្បីនាពេលបច្ចុប្បន្ននោះទេ គឺមានតាំងពីអតីតកាលមកម្លេះ រហូតធ្វើឱ្យអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានច្រៀងចម្រៀងមួយបទយ៉ាងពិរោះរណ្តំដែលមានចំណងជើងថា «អក្ខរាតាមព្រះពាយ ឬទឹកដីកោះប៉ែន»

គូសបញ្ជាក់ផងដែរថា ស្ពានឫស្សីកោះប៉ែននេះ គឺបានបង្ហាញភាពទាក់ទាញ និងសក្ដានុពលយ៉ាងសំខាន់លើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំនេះមានលក្ខណៈប្លែកជាងរាល់ឆ្នាំ គឺមានការពង្រីងឆ្នេរខ្សាច់ និងផ្លូវចេញចូលធំជាងមុន ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនាពេលបុណ្យទាន និងមួយវិញទៀតនោះ ខាងឆ្នេរខ្សាច់កោះប៉ែន មានបង្កើតស្តង់សម្រាប់ឲ្យអ្នកភូមិលើកោះនេះបានលក់នំចំណីខ្មែរដែលផលិតផ្ទាល់៕