2025-01-05 14:11
27

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះថា៖ «គិតមកទល់ពេលនេះ មានក្រសួង-ស្ថាប័ន ចំនួន ០១ និងខេត្ត ចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០% ដែលលទ្ធផលនេះ គឺលឿនជាងការគ្រោងទុក»

ACU បានឱ្យដឹងងា កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំពេញការងារថ្ងៃចុងសប្តាហ៍នេះ។

ក្នុងឱកាសជាមួយគ្នានេះ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបញ្ជាក់ថា មកទល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០% រួមមាន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានចប់ ១០០% តាមកម្មវិធីដែលបានកំណត់។

លោកបានបញ្ជាក់បន្ថែមថា «ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៣៣ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៣,១៩៤ រូប ស្មើនឹង ៥៧,៩២ % នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦ រូប»