(ភ្នំពេញ)៖ ប្រធានរដ្ឋសភាម៉ាឡេស៊ី លោកបណ្ឌិត តាន់ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល បានចាត់ទុក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺជារដ្ឋបុរសគំរូ មួយរូបនៅលើពិភពលោក ពាក់ព័ន្ធភាពជាអ្នក ដឹកនាំ ជាពិសេសការបិទបញ្ចប់ភ្លើងសង្គ្រាម។
នៅក្នុងឳកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា លោកប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលជួបលោក និងគណៈប្រតិភូ។ លោកប្រធានរដ្ឋសភា បានលើកឡើងថា នេះគឺជាជំនួបមួយដែលលោកបានប៉ងយូរមក ហើយ។
លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានចាត់ទុក សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ លោកបានគូសរំលេចថា សម្តេចតេជោ បានបូជា លះបង់យ៉ាងធំធេងសម្រាប់ជាតិកម្ពុជា។ សម្តេចតេជោ ក៏ជាមគ្គទ្ទេសក៍ឆ្នើមក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូត មកដល់បច្ចុប្បន្ន។
ជាមួយគ្នានោះលោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានគូសរំលេចផងដែរពីភាពរីកចម្រើនរបស់កម្ពុជា ដោយបានលើកឡើងថា ធៀបនឹងឆ្នាំ២០០០ ដែលលោកបានមកកម្ពុជា ជាមួយស្ថានភាពនាពេល បច្ចុប្បន្ននេះ កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលសមិទ្ធផលទាំងនេះមិនអាចកើតមានឡើយ ប្រសិនបើគ្មានគំនិតផ្តួចផ្តើម និងមគ្គទ្ទេសក៍ដ៏ឆ្លើមរបស់សម្តេចតេជោ។
ក្រៅពីបង្ហាញនូវភាពស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហើយនោះ លោកប្រធានរដ្ឋសភា ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ សិក្សា និងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃ របស់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។
ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានសម្តែងការអបអរសាទរចំពោះការផ្លាស់ប្តូរអ្នកបន្តវេននៅកម្ពុជាប្រកបដោយជោគជ័យ។ តាមរយៈជំនួបកាលពីឆ្នាំ២០២៤ លោកប្រធានរដ្ឋសភា ម៉ាឡេ ស៊ី បានវាយតម្លៃខ្ពស់ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជាប្រមុខថ្នាក់ដឹកនាំអាស៊ានវ័យក្មេងប្រកបដោយភាពរស់រវើក សមត្ថភាព ចក្ខុវិស័យ និងថាមពល។
នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រធានរដ្ឋសភាម៉ាឡេស៊ីថា ការចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅពេលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការ ប្តូរ នឹងសន្តិភាពរយៈពេលវែង និងចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិ សាស្ត្រ កម្ពុជាក្នុងរយៈពេលជាង ៥០០ឆ្នាំកន្លងទៅ ដែលកើតមានចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។
សម្តេចតេជោ ក៏បានចែករំលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំ របស់សម្តេច កម្ពុជាអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មាន ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងភាពជាអ្នកដឹកនាំរបស់សម្តេច និងបានថ្លែងអំណរគុណលោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានតែងតាំងសម្តេចជាទីប្រឹក្សាលើកិច្ចការអាស៊ាន ដែលនេះគឺកិត្តិយស ដ៏ធំធេងសម្រាប់សម្តេច។
សម្តេចតេជោ ក៏បានរំឭកអំពីទំនាក់ទំនងល្អរវាងសម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាំងពីឆ្នាំ ១៩៩៥ នាឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបាន វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើសុខុដុមនីយកម្មរវាងសាសនានៅកម្ពុជា។
សម្តេចតេជោ ក៏បានបង្ហាញសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការ កើនឡើង ជាពិសេស ការផ្លាស់ប្តូរយ៉ាងច្រើននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេស ទាំងពីរ។ នៅក្នុងក្របខណ្ឌសភា សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅឆ្នាំ នេះ។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានរដ្ឋ សភា ម៉ាឡេស៊ី មហាសន្និបាតអាយប៉ានឹងសម្រេចបានជោគជ័យ។
សម្តេចតេជោ ក៏បានបានបង្ហាញក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការ កើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោ បានបន្ថែមថា កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ ប្តូរ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍៕