2025-03-24 19:22
47

កីឡា៖ កីឡាករ Tawanchai ដែល​​ជាជើងខ្លាំងលំដាប់លេខក្នុងទម្ងន់​​៧០គីឡូក្រាម ប្រចាំប្រទេសថៃ​​ បានចាញ់កីឡាករជប៉ុន Masaaki Noiri ដោយសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។ បរាជ័យសន្លប់នេះគឺជាលើកទី១ហើយដែលរូបគេចាញ់សន្លប់ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ មកដល់ពេលនេះ។​ ការចាញ់កីឡាករជប៉ុន Masaaki Noiri បានធ្វើឲ្យជើងខ្លាំងថៃ Tawanchai មិនទទួលបានខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកប្រចាំសង្វៀន ONE Championship យ៉ាងណា ក្រោយពី Tawanchai បានចាញ់សន្លប់នៅក្្នុងការប្រកួតកាលពីយប់មិញ អ្នកគាំទ្របានសម្ដែងការសោកស្ដាយ និងលើកទឹកចិត្តដល់ស៊ុបភើស្ដារបស់គេទូទាំងប្រទេសថៃ។

ការចាញ់របស់ Tawanchai នេះធ្វើឲ្យយើងនឹកទៅដល់ការចាញ់របស់កីឡាករគុនខ្មែរ២រូប ដែលបានទៅប្រកួតនៅប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី២២ មីនា កន្លងទៅ បានស្ពាយបរាជ័យមកកម្ពុជាវិញ និងបានរងការជេរប្រមាថពីអ្នកគាំទ្រមួយចំនួនតូចផងដែរ។ ដូចនេះមហាជនគាំទ្រគុនខ្មែរមួយចំនួនធំឆ្ងល់ថា សូម្បី Tawanchai កីឡាករលំដាប់លេខ១ថៃ ក៏ចាញ់សន្លប់ ហេតុអ្វីការចាញ់របស់ ចំរើន គុនខ្មែរ និង សាន់ គុនខ្មែរ ត្រូវរងការជេរប្រមាថបែបនេះ? អ្នកគាំទ្រស្ទើរទូទាំងប្រទេសកម្ពុជា បានលើកឡើងថា កីឡាមានចាញ់ មានឈ្នះ មិនថាជើងខ្លាំងប៉ុនណាក៏នៅមានចាញ់ដែរជារឿងធម្មតា​​របស់កីឡា។ ប៉ុន្តែម្នាក់បានខំប្រឹងអស់ពីសមត្ថភាពហើយចាញ់ឈ្នះវាជារឿងធម្មតា។ ការចេញទៅក្រៅប្រទេសកន្លងមក ក៏ទទួលបានជោគជ័យហូហែដែរម្ដេចមិនសរសើរលើកពីគុណសម្បត្តិផង នៅពេលចាញ់ម្ដងបែរជាជេរកីឡាករ ជេរគ្រូទៅវិញ។

គួរជម្រាបជូនថា កីឡាករគុនខ្មែរ ដែលបានចេញទៅប្រកួតនៅប្រទេសអូស្ដ្រាលី នឹងមកដល់ទឹកដីដើមកំណើតរបស់ខ្លួនវិញនៅថ្ងៃនេះ ហើយលោកគ្រូ ខឹម សុជាតិ គ្រូបង្ហាត់ក្បាច់គុនបុរាណខ្មែរ នៅក្លឹប គុនខ្មែរដូនតា ជាគ្រូ បង្ហាត់ផ្ទាល់របស់កីឡាករទាំង២រូបខាងលើ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានកីឡាក្នុងស្រុកដែរថា ជុំវិញការជេរប្រមាថទាំងនេះគឺធ្វើឲ្យលោកផ្ទាល់លែងមានអារម្មណ៍ចង់នាំកីឡាករចេញក្រៅប្រកួតទៀតហើយដោយសារទទួលយកការជេរប្រមាថរបស់អ្នកគាំទ្រមួយចំនួនតូចមិនបាន។ ចាប់ពីពេលនេះទៅលោកក៏លែងត្រជាក់ផងដែរ ចំពោះអ្នកគាំទ្រណាជេរប្រមាថធ្ងន់ធ្ងរមកលើរូបលោក និង​​យកច្បាប់មកដោះស្រាយចំពោះបុគ្គលទាំងនោះ​​វិញ៕