2023-06-07 14:29
631

កណ្តាល៖   ផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះក្រុងបាវិត ខេត្តស្វាយរៀង និងតភ្ជាប់ផ្លូវល្បឿនលឿនវៀតណាម ដែលវិនិយោគដោយក្រុមហ៊ុនសាជីកម្មស្ពាន-ថ្នល់ របស់មិត្តចិនបានចំណាយថវិកាប្រមាណ ១៣០០លានដុល្លារ ក្នុងរយៈពេលកំណត់ ៥០ឆ្នាំ។ 

នៅព្រឹក​ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ គឺជាផ្លូវល្បឿនលឿនខ្សែរទី២ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនសាវជីកម្មស្ពាន-ថ្នល់ចិន ដោយចំណាយជាង ១៣០០លានដុល្លារ ប្រើប្រាស់រយៈពេល ៥០ឆ្នាំ ដើម្បីប្រមូលយកដើមទុនត្រឡប់មកវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គម្រោងនេះក្រុមហ៊ុនគាត់មានទុន ២០ភាគរយ និងទុនគាត់ខ្ចីពីធនាគារ ៨០ភាគរយ ប៉ុន្តែ ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនទាំងអស់ក្រុមហ៊ុនប្រគល់ឲ្យរដ្ឋគ្រប់គ្រងវិញ។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "សម្តេចពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជាដែលតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀងដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងបម្រើដល់វិស័យទេសចរណ៍តភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសវៀតណាមផងដែរ"។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាកថា "ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿន នៃប្រទេសវៀតណាម ដែលនេះ គឺជាគម្រោងផ្លូវល្បឿនលឿន អាស៊ាន ខណៈផ្លូវល្បឿនលឿននេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា"។ 

សម្តេចតេជោបន្ថែមថា "គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រទេសចិនបានវិនិយោគ ១០០ភាគរយ"។ 

សម្ដេចតេជោ បានបញ្ជាក់ច្បាស់ថា "បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ថ្ងៃនេះ រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿន សៀមរាប-ប៉ោយប៉ែត នៅពេលខាងមុខយើងនឹងទទួលបានផ្លូវល្បឿនលឿន ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនប្រទេសថៃ ដែលជាគោលដៅផ្លូវល្បឿនលឿនអាស៊ាន និងនៅមានផ្លូវល្បឿនលឿនជាច្រើនខ្សែបន្ថែមទៀត"៕