2023-06-08 16:01
484


ខេត្តស្ទឹងត្រែង៖ នៅថ្ងៃ ៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅ ក្នុងរដូវបិទនេសាទ ជំនាញរដ្ឋបាលជលផលស្ទឹងត្រែងកំពុងបន្តក្នុងការចុះបង្ក្រាបឧបករណ៍នេសាទល្មើស ច្បាប់។ បើគិតត្រឹមរយៈពេល១ខែឧសភាកន្លងមកនេះ មន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយសមត្ថ កិច្ច និងអាជ្ញាធរបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ព្រមទាំងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់បានជាបន្តបន្ទាប់។ 


ក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី ១ឧសភាមកដល់ថ្ងៃទី ៣១ រយៈពេលមួយខែកន្លងមកនេះ មន្រ្តីជំនាញរដ្ឋ បាលជលផលរឹបអូសបាន មងបណ្ដែតវែងៗ និងមងដែលលួចដាក់ក្នុងតំបន់អភិរក្សសត្វផ្សោតបានប្រវែង ១១.៦៥០ម៉ែត្រ សន្ទូចរនងបានចំនួន ២០៦៤ផ្លែ, ដក ហូតរបាំងស្បៃមុងបានប្រវែង ២៥០ម៉ែត្រ ពេលនេះជំនាញកំពុងបន្តក្នុងការចុះបង្ក្រាប។ 
មន្រ្តីជំនាញក៏បានចុះអប់រំណែនាំដល់ប្រជានេសាទនៅតាមដងទន្លេ បានចំនួន ជិត១០០នាក់ ដែលទាក់ទងនឹងរដូវបិទនេសាទ និងច្បាប់ស្ដីពីជលផលនិងបានឲ្យពួកគាត់ធ្វើកិច្ចសន្យាផ្តិតមេដៃនឹងត្រូវបញ្ឍប់ការលួចប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់បន្តទៅទៀតផងដែរ។  សម្រាប់តំបន់ស្ទឹងត្រែង យោងតាមសេចក្តីជូន ដំណឹង របស់រដ្ឋបាលខេត្តចាប់គឺអនុវត្តហាមឃាត់បិទនេសាទចាប់ពីថ្ងៃទី១ខែឧសភា រហូតដល់ថ្ងៃទី៣០ខែ កញ្ញាជារៀងរាល់ឆ្នាំ ពីព្រោះតំបន់នេះត្រីពូជធំៗវាចាប់ ផ្តើមពងកូនតាំងពីខែមេសានិងខែឧសភារហូតមក។
សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងតែងតែបានខិតខំចូលរួមអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាក់ស្តែង ក្នុងគោលបំណងសំខាន់គឺមិនឱ្យមានបទល្មើសនេសាទត្រីខុសច្បាប់នៅក្នុងរដូវបិទនេសាទទេ ប្រយោជន៍សំខាន់គឺដើម្បីឱ្យបរិមាណត្រីធម្មជាតិវាសំបូរឡើងវិញ។ឧបករណ៍ នេសាទខុសច្បាប់ដែលរឹបអូសបាន ត្រូវបានដុតកម្ទេចចោលអស់មួយចំនួន នៅសល់ខ្លះរក្សាទុកនៅតាមប៉ុស្តិ៍ឆ្មាំ និងនៅកន្លែងជលផល ដើម្បីដុតបំផ្លាញចោលនៅ ពេលក្រោយ។
ក៏ប៉ុន្តែគេបានសង្កេតឃើញថា បើទោះបីជាមានការខិតខំប្រឹងយកចិត្តទុកដាក់ ចុះបង្ក្រាបទាំងយប់ទាំងថ្ងៃរបស់មន្រ្តីរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍ សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់យ៉ាងណាក៏ដោយចុះ ក៏គេនៅតែមានជនខិតខូចមួយចំនួនបានឆ្លៀតឱកាសគេចពីភ្នែកជំនាញ លួចនេសាទដោយខុសច្បាប់ក្នុងរយៈពេលបិទនេសាទ ដើម្បីចាប់យកត្រីមេពូជធំៗមកលក់នៅតាមទីផ្សារជាបន្ត បន្ទាប់ ៕