2023-06-08 18:05
1574


ភ្នំពេញ៖ លោកស្រី សឿង ចរិយា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សាការពារ និងបង្កកទ្រព្យសម្បត្តិជាបណ្ដោះអាសន្នបុគ្គល ចំនួន ០៣នាក់ ក្នុងករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគលើ Forex Trade MT4 ជាង ២លានដុល្លារ 


ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការវិនិយោគជាមួយ Forex Trade MT4 មានចំនួន ៤៥នាក់ សរុបលុយចំនួន ២,២៥៦,០០០ដុល្លារអាមេរិក។
យោងតាមដីការក្សាការពារ បានឲ្យដឹងថា បុគ្គលចំនួន ០៣នាក់ ត្រូវបានតុលាការរឹបអូសទ្រព្យសម្បត្តិ និងបង្កកគណនីធនាគារ នោះរួមមាន៖ ទី១- ឈ្មោះ ឯម ចន្ធី អាយុ ៤២ឆ្នាំ ,ទី២- ឈ្មោះ អ៊ាត ច័ន្ទបុប្ផា អាយុ ៣៨ឆ្នាំ ជាប្រពន្ធ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣- ឈ្មោះ សេង វិចិត្រ អាយុ ៤៣ឆ្នាំ នីភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ 
តាមដីការក្សាការពារខាងលើ បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៩ អ្នកវិនិយោគទុន ចំនួន ៤៥នាក់ បានបណ្ដាក់ទុនវិនិ យោគលើ Forex ក្នុងប្រព័ន្ធ Meta Trade4 ជាមួយឈ្មោះ ឯម ចន្ធី , ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ អ្នកវិនិយោគទុនទាំងអស់នោះ បានដាក់លុយជូនបុគ្គលទាំង ០៣នាក់ តាមប្រព័ន្ធធនាគារ សរុបលុយប្រមាណ ២,២៥៦,០០០ដុល្លារ។


បុគ្គលឈ្មោះ ឯម ចន្ធី , ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ បានសន្យាជាមួយអ្នកវិនិយោគទុនទាំងអស់នោះថា "ពួកគាត់ទាំងអស់គ្នាធានារក្សាដើមទុនរបស់អ្នកវិនិយោគមិនឲ្យបាត់បង់ឡើយ និងទូទាត់ប្រាក់ចំណេញប្រចាំខែជូនអ្នកវិនិយោគទាំងអស់ឲ្យបានទៀងទាត់"។
ការសហការគ្នាវិនិយោគលើ Forex Trade4 បុគ្គលទាំង ០៣នាក់ មិនដែលបង្ហាញអ្នកវិនិយោគទុនអំពីប្រតិបត្តិការ Trade ក្នុងប្រព័ន្ធ Forex ហើយកាលពីពេលថ្មីៗនេះ ស្រាប់តែអ្នកទាំង ០៣នាក់ ប្រាប់អ្នកវិនិយោគទុនទាំងអស់ថា Account ដែលអ្នកវិនិយោគទាំងអស់បានវិនិយោគនេះ ត្រូវបានបាត់បង់ហើយ និងមិនអាចធ្វើការបង់ប្រាក់ជូនអ្នកវិនិយោគទុនទៀតទេ និងបានបំភ្លៃព័ត៌មាន បោកប្រាស់អ្នកវិនិយោគថាទំហំទឹកប្រាក់ពួកគាត់ទាំងអស់គ្នាត្រឹមតែជាង ៩០ម៉ឺនដុល្លារប៉ុណ្ណោះ។ 
ក្រុមជន៌ងគ្រោះដោយការវិនិយោគទាំងអស់ បានស្នើសុំឲ្យឈ្មោះ ឯម ចន្ទី , ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ បង្ហាញរបាយការណ៍អំពីប្រតិបត្តិការណ៍ Trade ក្នុងប្រព័ន្ធ Forex កន្លងមកឈ្មោះ ឯម ចន្ធី បែរជាគេចវេសមិនព្រមបង្ហាញរបាយការណ៍ឲ្យមកទេ ដោយបានរត់គេចទៅក្រៅប្រទេសបាត់ ដោយគ្មានដំណោះស្រាយជូនអ្នកវិនិយោគ ទោះជាអ្នកវិនិយោគស្នើសុំគោលការណ៍ដោះស្រាយក្នុងលក្ខខណ្ឌណាក៏ដោយ។ 
ជនរងគ្រោះទាំង ៤៥នាក់ បានអំពាវនាវដល់ស្ថាប័នតុលាការមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ លើជនទាំង ០៣នាក់ខាងលើ និងរំពឹងថាទទួលបានយុត្តិធម៌ដោយមិនឲ្យពួកគាត់ជួបនូវការលំបាកនោះឡើយ៕