2025-04-26 07:09
11

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្តីណែនាំ ស្តីពី «ការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស» ស្រមតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រមុខរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើ “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា” ដើម្បីបង្កលក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះវិស័យវិនិយោគ និងវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិយ៉ាងច្រើន។

ស្ថិតក្នុងបរិយាកាសដែលសភាពការណ៍ពិភពលោក សភាពការណ៍តំបន់មានការប្រែប្រួលស្មុគស្មាញ មួយចំនួននាពេលថ្មីៗនេះ ដើម្បីពង្រឹងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការស្តីពីការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដោយចាត់តាំងការអនុវត្តដូចខាងក្រោម៖

១. ផ្អែកលើផែនការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានក្រោមឱវាទដែលមានការ ពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ផ្អែកលើតួនាទី ភារកិច្ច និងភូមិសាស្ត្រទទួល ខុសត្រូវផ្សេងៗ ត្រូវកសាងផែនការលម្អិតជាក់ស្តែង ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។

២. ត្រូវធ្វើការចាក់តាំងផ្សព្វផ្សាយផែនការនេះ ឱ្យបានជ្រួតជ្រាបទូលំទូលាយដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ស្រទាប់ជាន់ថ្នាក់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។ 
៣.រៀងរាល់ខែគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ និង អគ្គនាយកដ្ឋានដែលមានការពាក់ព័ន្ធត្រូវធ្វើរបាយការណ៍បូកសរុបផ្ញើមកក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចង្អុលដឹកនាំបន្ត។

៤. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវធ្វើសេនាធិការជូនក្រសួងមហាផ្ទៃក្នុងការចាត់តាំង អនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាព។

៥. ប្រគល់ភារកិច្ចជូនរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ដែលទទួលកិច្ចការនេះ ដឹកនាំប្រជុំបូកសរុបដកពិសោធន៍ លទ្ធផល នៃការអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសរៀងរាល់ ៦ខែម្តង និងទី៦. ផែនការលេខ ០១១ផក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ស្តីពី «ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស របស់ក្រសួងមហាផ្ទៃ ត្រូវទុកជានិរាករណ៍ និងជំនួសដោយផែនការនេះ»៕