2025-04-26 07:23
11

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពី «អង្គភាពអាជ្ញាសាលា»។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស, តំណាងសាលាឧទ្ធរណ៍តំបន់ និងតុលាការកំពូល ព្រមទាំងប្រធានអង្គភាពអាជ្ញាសាលា និងអាជ្ញាសាលា សរុបប្រមាណ ១៧៣រូប។ 
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដី ព្រមទាំងតួអង្គដែលមានការពាក់ព័ន្ធ អំពីខ្លឹមសារប្រកាស ចំនួន ២ រួមមាន៖ ប្រកាស ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត និងប្រកាស ស្ដីពី ការដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលានៅតាមសាលាជម្រះដំបូងរាជធានី ខេត្ត។ 
ជាកិច្ចដំណើរការនៃសិក្ខាសាលានេះ, ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាអំពីអង្គភាពអាជ្ញាសាលា ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
បន្ថែមពីលើបទបង្ហាញនេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានផ្ដល់មតិណែនាំបន្ថែមមួយចំនួន រួមមាន៖ 
១)- ស្នើឱ្យប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្ត ផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការឱ្យបានពេញលេញ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងាររបស់អង្គភាពអាជ្ញាសាលា តាមភារកិច្ចដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រគល់ជូន។
២)- ស្នើឱ្យប្រធានសាលាដំបូងដែលមានអង្គភាពអាជ្ញាសាលា គិតគូររៀបចំឱ្យមានទីតាំងសម្រាប់បំពេញការងាររបស់អង្គភាពអាជ្ញាសាលា និងបញ្ចូលគម្រោងកញ្ចប់ថវិកាសម្រាប់ធានាដល់កិច្ចដំណើរការរបស់អង្គភាពអាជ្ញាសាលានៅក្នុងគម្រោងថវិការបស់សាលាដំបូងរបស់ខ្លួន នៅឆ្នាំបន្តបន្ទាប់។
៣)- ស្នើឱ្យប្រធានអង្គភាពអាជ្ញាសាលានីមួយៗគិតគូររៀបចំជ្រើសរើសឱ្យមានមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូន នៅតាមអង្គភាពរបស់ខ្លួន ដោយត្រូវអនុវត្តស្របតាមប្រការ ១០ នៃប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត។
៤)- ស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសដែលមានការពាក់ព័ន្ធ ផ្តល់កិច្ចសហការឱ្យបានពេញលេញនៅពេលចុះអនុវត្ត តាមការស្នើសុំពីអង្គភាពអាជ្ញាសាលា។ ក្នុងករណីចាំបាច់ ប្រធានអង្គភាពអាជ្ញាសាលាអាចស្នើសុំការគាំទ្រ ចាំបាច់នានាក្នុងការអនុវត្តមុខងាររបស់មន្ត្រីអាជ្ញាសាលាឱ្យមានប្រសិទ្ធភាព ដោយប្រគល់ភារកិច្ចជូនប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីអង្គភាពអាជ្ញាសាលាដល់អាជ្ញាធរដែលមានការពាក់ព័ន្ធ និង
៥)- ស្នើឱ្យមន្ត្រីអាជ្ញាសាលា អនុវត្តមុខងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនលើអង្គភាពអាជ្ញាសាលា ក៏ដូចជាការលើកកម្ពស់នៃកិត្យានុភាពនៃការអនុវត្តច្បាប់នៅកម្ពុជាផងដែរ៕