
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បាននាំឱ្យទេសចរជាតិ អន្តរជាតិរាប់លាននាក់ អាចចូលរួមលេងកម្សាន្ត រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីដែលទើបតែកន្លងទៅនេះ ប្រកបដោយភាពអធិកអធម និងសប្បាយរីករាយយ៉ាងក្រៃលែង ។
ឯកឧត្តម ប៉ែន បូណា បានលើក ឡើងថា បើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើងនៃជីវភាពរស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរគ្មានឱកាសកម្សាន្តសប្បាយបែបនេះឡើយ។ ក្នុងនោះភ្ញៀវទេសចរជាតិនិងបរទេសចំនួនជិត ២៤ លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយឥតឧបមា។
ឯកឧត្តមបញ្ជាក់ថា តួលេខនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្តលើសពីមួយដង។ ឯកឧត្តមបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តសប្បាយ និងបញ្ចេញស្នាមញញឹមប្រកបដោយភាពកក់ក្តៅនៅក្នុងពិធីបុណ្យធំៗបានកើនឡើងជាលំដាប់។ នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរទទួលបានផលពីការដឹកនាំប្រទេសកាន់តែច្រើនឡើងៗជាលំដាប់។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហាអំណាចក្នុងតំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណងរបស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួលច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេសឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាពបែបនេះ គឺដើម្បីបម្រើមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួនតែម្យ៉ាងគត់ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណជិត ២៤ លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ជិត ២២ លាននាក់៕
