2023-06-14 08:19
607


កំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាបក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានតាំងបំពង់ ប្រវែង ១៥ម៉ែត្រ ទទឹង ០៩ម៉ែត្រ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ 


នាឱកាសនេះ អញ្ជើញសម្ភោធដាកយឲ្យប្រើប្រាស់ស្ពានតាំងលំពង់ អមដំណើរដោឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់  និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សរុបប្រមាណ ៦២៨នាក់។  
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការសាងសង់ស្ពានតាំងបំពង់នេះ គឺបានផ្តើមចេញពីការចុះមកសម្ពោធឧបដ្ឋានសាលា នៅវត្តគីរីរុក្ខា (ហៅវត្តសំពៅផុស) ស្ថិតនៅភូមិ តាំងបំពង់ ឃុំតាសាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដែលកាលនោះ នៅពេលធ្វើដំណើរមកដល់ស្ពានតាំងបំពង់នេះ គឺមិនបានឆ្លងកាត់លើស្ពានទេ ដោយសារឃើញស្ពានឈើ នោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេកដែលអាចបង្កគ្រោះថ្នាក់។ 
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ដោយមើលឃើញពីតម្រូវការចាំបាច់ នៃការប្រើប្រាស់ស្ពាននេះពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ឯកឧត្តមបានសម្រេចជូនស្ពានដែលសម្ពោធថ្ងៃនេះជាចំណងភ្ជាប់និស្ស័យជាមួយអ្នកតាសាលតែម្តង។ 
ឯកឧត្តមបានលើកឡើងថា ស្ពាននេះនឹងសម្រួលដល់ការធ្វើដំណើរ ដោយធានាដល់សុវត្ថិភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផល ការធ្វើដំណើរឆ្លងកាត់ទៅមន្ទីរពេទ្យ ទៅសាលារៀន ទៅធ្វើបុណ្យទាន និង ទៅប្រកបកិច្ចការផ្សេងៗ ហើយជាពិសេសស្ពាននឹងបង្កើនភាពងាយស្រួល ដើម្បីឆ្លងកាត់ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ផ្សងព្រេង ដ៏មានសក្តានុពលរបស់ខេត្តកំពង់ស្ពឺ គឺភ្នំខ្នងផ្សារ ឬភ្នំខ្នងក្រពើ ដែលជាប្រភពចំណូលរបស់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាបង្កើនឱកាសការងារ និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។ 
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្ត និងជឿជាក់តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឯកឧត្តមបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។ 


ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា តាមរយៈការបោះឆ្នោតឱ្យបានធ្វើជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺជិត ១០ឆ្នាំ គិតទៅរយៈពេល ២អាណត្តិ កន្លងមកនេះ បានផ្តល់ឱកាសឱ្យឯកឧត្តមបានចូលរួមជាមួយរាជជាមួយរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗជាច្រើនជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺជាបន្តបន្ទាប់។ 
ជាមួយគ្នានេះ យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេស គណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។ 
ឆ្លៀតឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ សប្បុរសជន ក្រុមការងារប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ និងភាគីដទៃទៀតដែលបានចូលរួមចំណែកជួយឧបត្ថម្ភក្នុងការសាងសង់ស្ពានតាំងបំពង់នេះផងដែរ។ 
គួរបញ្ជាក់ផងដែរថា ស្ពានតាំងបំពង់ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ប្រើរយៈពេលសាងសង់ ជាង៥ខែ (គិតចាប់ពីការបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣), ស្ពាននេះមានប្រវែង១៥ម៉ែត្រ ទទឹង៩ម៉ែត្រ បានចំណាយថវិកាសាងសង់ អស់ ១០៨,០០០ (ដប់ម៉ឺនប្រាំបីពាន់) ដុល្លារ៕