
(ត្បូងឃ្មុំ) ៖ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ សម្រាប់គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ខ្សែ មានប្រវែង ៨២០ម៉ែត្រ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោក ស៊ាប សុជាតិ មេឃុំស្រឡប់ និងគណកម្មការលទ្ធកម្មឃុំ ដោយមានការសម្របសម្រួលពីសំណាក់ លោក ស៉ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត និងលោក យ៉ាំ សុភឿង អភិបាលរងស្រុកត្បូងឃ្មុំ ព្រមទាំងមន្ត្រីបច្ចេកទេសខេត្ត-ស្រុក ឃុំ ក្រុមហ៊ុនទទួលការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបើកសំណើដេញថ្លៃនេះ បានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាពក្រោយបញ្ចប់ដំណើរការដេញថ្លៃនៅព្រឹកនេះ ជាលទ្ធផលសម្រាប់គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ខ្សែ មានប្រវែង ៨២០ម៉ែត្រ ក្នុងឃុំស្រឡប់ ដោយមានសាងសង់ លូភ្លោះ ១កន្លែង និងអំពូលសូឡា ចំនួន ១៥ កំប្លេរ ផងដែរ។
នាឱកាសនោះ លោក ស៊ាប សុជាតិ មេឃុំស្រឡប់ បានវាយតម្លៃខ្ពស់ លើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់ នៃកិច្ចប្រជុំ គឺសមស្របទៅតាមនីតិវិធីលទ្ធកម្ម ក្នុងនោះក្រុមហ៊ុន ដែលទទួលបានគម្រោង ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង ។
លោកមេឃុំ ស៊ាប សុជាតិ ក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោងដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង ក្នុងនោះដែរ តាងនាមប្រធានគណៈកម្មការលទ្ធកម្មឃុំ ក៏ដូចជាសមាជិក-សមាជិកាគណកម្មាការ ទាំងអស់ នឹងតាមដានការអនុវត្តគម្រោង របស់ក្រុមហ៊ុនទទួលការ ទៅតាមសៀវភៅការដ្ឋានកត់ត្រា ដើម្បីទទួលបានភាពច្បាស់លាស់ ចាប់ផ្ដើមពីដំណើរការបើកការដ្ឋានការអនុវត្តគម្រោងរហូត ដល់បញ្ចប់ការអនុវត្តគម្រោង ចំពោះការស្ថាបនាសាងសង់ ឱ្យបានជាប់គង់វង្សល្អ និងធានាបានការប្រើប្រាស់បានយូរអង្វែង ដល់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា ៖ គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ នេះ គឺ គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៨២០ម៉ែត្រ លូភ្លោះ ១កន្លែង និងអំពូលសូឡា ចំនួន ១៥កំប្លេរ បានទៅលើក្រុមហ៊ុនទទួលការ សៅ លីនដា ជាអ្នកទទួលការអនុវត្តគម្រោងនេះ៕
