2025-05-20 11:07
65

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ ទំនាស់នៅក្រៅប្រព័ន្ធ តុលាការ ពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយរថយន្តតាក់ស៊ី ដែលផ្ទុះការវែកញែកលើបណ្តាញសង្គមយ៉ាងខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះ។ 

ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានការរួមពីថ្នាក់ដឹកនាំខេត្ត និងភាគីទាំងសងខាង ដោយអនុវត្តន៍តាមយុទ្ធសាស្រ្ត «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ភាគីម៉ូតូ និងរថយន្ត តាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នាបញ្ចប់បញ្ហាជាស្ថាពរ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ  ព្រមទាំងស្រលាញ់រាប់គ្នាជាបងប្អូន ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព។ ក្នុងនោះ លោកជំទាវអភិបាលខេត្ត ក៍បានឧបត្ថម្ភថវិកា ដល់ភាគីម៉ូតូឋវិកា ចំនួន ៤លានរៀល និងភាគីរថយន្ត ចំនួន ៤លានរៀលដូចគ្នា។

ក្នុងករណី គ្រោះថ្នាក់ចរាចរនេះ មន្រ្តីជំនាញការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន ០៣ លើក  ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីម៉ូតូបង្ករ ចំនួន ៤ លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្កបានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៍មិនយល់ព្រមវិញ ដោយទាមទារសំណង ៥ ០០០ដុល្លារ ទើបយល់ព្រមបញ្ចប់រឿង។ ដូច្នេះដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៍រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ ដោយសារជាថ្ងៃចុងសប្តាហ៌។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសសើរ ដល់មន្រ្តីជំនាញ ចរាចរណ៍ ផ្លូវគោកខេត្ត ដែលបានអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានសំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀត និងសូមកុំប្រកាន់ជេរវាយ ប្រហារលើក្រុម គ្រួសារ សពបង្កហេតុ ហើយយើងទាំងអស់គ្នាត្រូវមានជំហរជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវជឿជាក់ លើការ ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

សូមរំលឹកថា៖ កាលពីវេលាម៉ោង ១៧និង១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរ មួយបានកើតឡើង រវាងម៉ូតូ ជាមួយរថយន្ត កំពុងបើកបរបញ្ច្រាស់ទិសគ្នា លើដងផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំពោះករណីនេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានរកឃើញថា ភាគីណាខុសភាគីណាត្រូវ ហើយកំពុងតែវាយតម្លៃជារួម ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ដោយសារមិនទាន់ការស្រុះស្រួលគ្នា៕