2025-05-23 12:32
453

សៀមរាប៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពធាក់លើមន្ត្រីនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅគោលដៅត្រួតពិនិត្យ និងរឹងបន្តឹងច្បាប់រចរាចរក្នុងក្រុងសៀមរាប យកមកសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះថា៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុច ខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ 

លុះដល់វេលាម៉ោង ១៥និង២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយកម្លាំងសម្ថកិច្ចធ្វើការឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា «រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន»។ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។

ជនសង្ស័យដែលបានធ្វើសកម្មភាពធាក់មន្ត្រីនគរបាលចរាចរពេលកំពុងបំពេញតួនាភារកិច្ច ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អាចប្រមុខការចោទប្រកាន់ពីបទ៖ «ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ»

បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប៕