
ខេត្តពោធិ៍សាត់: ក្មេងស្រីម្នាក់ដើរទៅជួយគ្របដំឡូងមីម្ដាយពេលមេឃកំពុងធ្លាក់ភ្លៀងលាយឡំដោយផ្គររន្ទះបាញ់ស្លាប់
ពោធិ៍សាត់ះ ក្មេងស្រីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ខណៈពេលដើរទៅគ្របដំឡូងមីនៅក្នុងចំការ ក្នុងពេលមេឃកំពុងធ្លាក់ភ្លៀងលាយឡំដោយផ្គររន្ទះ កាលពីវេលាម៉ោង 4:00 និង 30 នាទីរសៀលថ្ងៃទី 21 ខែឧសភាឆ្នាំ 2025 ត្រង់ចំណុចឃ្លាំងពោត ស្ថិតក្នុងភូមិព្រែក1 ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ប៉ុក ចរិយា អាយុ 13 ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា នៅវេលាខាងលើ ស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងលាយឡំដោយផ្គររន្ទះហើយក្មេងស្រីរងគ្រោះបានដើរទៅជួយគ្របដំឡូងមីម្ដាយកុំឲ្យទទឹកក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុរូចនោះ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បាននាំយកអំណោយអនុសាខាកាកបាតក្រហមកម្ពុជាស្រុកភ្នំក្រវាញ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១ គ្រួសារដែលចួបគ្រោះធម្មជាតិដោយរន្ទះបាញ់ បណ្ដាលឱ្យបាត់បង់ជីវិតក្មួយស្រី អាយុ ១៣ ឆ្នាំ ដែលរស់នៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់អំណោយរួមមាន: អង្គរ ចំនួន ៥០ គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន៕ លាន គ្រន