
ភ្នំពេញ ៖ ករណីបុរសម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជិវិតខ្លួនឯងបន្ទាប់ពីផឹកស្រាថ្នាំស្រវឹងស្រឿងៗ ហេតុការនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦:០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចឃ្លាំងស្តុកសម្ភារៈ សិប្បកម្មផលិតផលិតកាតុង ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពបុរសដែលបានចងកសម្លាប់ខ្លួនឯងខាងលើនេះមានឈ្មោះ ហេង សំអន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករដុតឡ ស្នាក់នៅ សិប្បកម្មផលិតផលិតកាតុង ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមការបំភ្លឺពីឈ្មោះ សុខ សុខុម ភេទប្រុស អាយុ៦២ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា: កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩និង០០នាទី ខ្ញុំបាទ(រូបគាត់) កំពុងនៅឃ្លាំងស្តុកសម្ភារៈ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះរូបគាត់បានឃើញឈ្មោះ ហេង សំអន ភេទប្រុស អាយុ២៧ឆ្នាំ អង្គុយផឹកស្រាថ្នាំតែម្នាក់ឯង នៅលើគ្រែក្នុងឃ្លាំងស្តុកសម្ភារៈខាងលើ លុះដល់វេលាម៉ោងប្រហែល២២និង០០នាទី គាត់ក៏បានបិទទ្វារចាក់សោឃ្លាំង តែមិនឃើញឈ្មោះ ហេង សំអន នៅអង្គុយផឹកទៀតទេ មិនដឹងថាចេញទៅពីពេលណាឡើយ លុះដល់វេលាម៉ោង ០៦និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គាត់បានក្រោកពីដេកឡើងបើកទ្វារឃ្លាំង ស្រាប់តែឃើញឈ្មោះ ហេង សំអន បានចងកជាប់នឹងទ្វាររបងឃ្លាំងខាងលើ ស្លាប់បាត់ទៅហើយ ។
តាមការពិនិត្យកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារចងក(អត្តឃាត)ពិតប្រាកដមែន។
ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕