2025-06-10 14:21
26

ភ្នំពេញ % កម្ពុជា-ចិន និងជប៉ុន បានក្នុងរយៈពេល ៥ ខែ ឆ្នាំនេះបានពង្រឹងទំានក់ទំនងជាមួយគ្នា លើការអភិវឌ្ឍលើវិស័យភាពយន្ត ក៏ដូចជាការបណ្តុះបណ្តាល និងបញ្រ្ជាបនូវចំណេះដឹងក្នុងវិស័យភាពយន្ត និងពិនិត្យវាយតម្លៃទៅលើគម្រោងអភិរក្សហ្វីលឯកសារភាពយន្តកម្ពុជា។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ បានអនុញ្ញាតដល់ការផលិតភាពយន្តក្នុងស្រុក និងការអនុញ្ញាតជូនផលិតករភាពយន្តបរទេស មកថតភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា និងការអនុញ្ញាតផ្តល់ទិដ្ឋាការសម្រាប់ផ្សព្វផ្សាយ មកចាក់បញ្ចាំងនៅកម្ពុជា។ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយរដ្ឋបាលភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន ចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យភាពយន្ត នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបើកនូវឱកាសនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍលើវិស័យភាពយន្ត ក៏ដូចជាការបណ្តុះបណ្តាលនិងបញ្រ្ជាបនូវចំណេះដឹង ក្នុងវិស័យភាពយន្ត។លោក ប៉ុក បូរក្ស ថ្លែងថា កិច្ចសហប្រតិបតិ្តការមួយដែលរៀបចំធ្វើ ហើយនិងបានចុះហត្ថលេខាដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងរដ្ឋបាលភាពយន្តចិន កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ។ លើសពីនេះនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏មានកិច្ចសហប្រតិបតិ្តការជាមួយភាគីជប៉ុន ក្នុងការពិនិត្យវាយតម្លៃទៅលើឯកសារភាពយន្តដែលយើងមាននៅក្នុងបណ្ណសារដ្ឋានរបស់យើង៕