
ប៉ោយប៉ែត៖ តាមសេចក្តីរាយការណ៍ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ ច្រកទ្វាអន្តរជាតិ ចំនួន ០១ និងច្រកតំបន់ ចំនួន ០២ ក្នុងភូមិខេត្តបន្ទាយមានជ័យ ភាគីថៃមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញកម្ពុជាចូលឡើយ បន្ទាប់ពីយោធាថៃ ប្រកាសបិទជាឯកតោភាគី កាលពីថ្ងៃទី០៨ ខែមិថុនា កន្លងទៅ។
ច្រកទ្វារអន្តរជាតិ ដែលភាគីថៃបិទមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញ ឬរថយន្តកម្ពុជា ចេញ-ចូល គឺច្រកអន្តរជាតិស្ទឹងបត់ ច្រកតំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួន ស្ថិតក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកថ្មពួក។
លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ម៉ាឡៃ បានឲ្យដឹងថា ភាគីថៃចាប់តាំងពីបិទច្រកដោយឯកតោភាគី គឺមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញ និងរថយន្តរបស់ប្រជាពលរដ្ឋដែលតែងតែចេញ-ចូលឡើយ។
ចំណែក ប្រធានគណៈកម្មការច្រកតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ច្រកតំបន់បឹងត្រកួន គឺភាគីថៃបានអនុញ្ញាតឲ្យរថយន្តរបស់ប្រជាពលរដ្ឋខ្មែរលក្ខណគ្រួសារឆ្លងចេញ-ចូលបាន ប៉ុន្តែរថយន្តដឹកទំនិញ គឺភាគីបថៃមិនអនុញ្ញាតឲ្យចូលនោះទេ។
ចំពោះច្រកអន្តរជាតិស្ទឹងបត់ នៅក្នុងក្រុងប៉ោយប៉ែតឯណោះវិញ លោក វួច អូន ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ទំលាប់ច្រកអន្តរជាតិស្ទឹងបត់ មិនមែនទើបតែថៃប្រកាសបិទជាឯកតោភាគី គឺកើតមានយូរណាស់មកហើយរថយន្តកម្ពុជា មិនអាចដឹកទំនិញចូលទៅថៃបានទេ គឺមានតែរថយន្តដឹកទំនិញពីថៃ ចូលមកកម្ពុជា រួចហើយដឹកទំនិញពីកម្ពុជាចូលទៅវិញ។
សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ គឺភាគីថៃនៅតែបន្តអនុញាតឱ្យយានយន្តកម្ពុជាដូចជាម៉ូតូ និងរថយន្តកម្ពុជាលក្ខណៈគ្រួសារចេញ-ចូលបាន ចំពោះរថយន្តដឹកទំនិញមិនអនុញាតទេ ព្រោះច្រកនេះជាច្រកទេសចរណ៍៕



