
ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជម្រាប់ដល់អភិបាលខេត្តជាប់ព្រំដែនជាមួយថៃ ឱ្យត្រៀមរៀបចំ និងបម្រុងទុករួចជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូលមកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំង ប្រដាប់អាវុធដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែន ក្នុងនោះត្រូវរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី។ល។
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំបែបនេះ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈ សជណ លេខ: ១៨០៣ ស្តីពី «ការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ»។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានជម្រាប់ប្រាប់ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនថៃទាំងអស់ថា៖ ក្រោយពីព្រឹត្តការណ៍នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកម្លាំងយោធាថៃបានចូលបើកការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិតយ៉ាង អាណោចអាធ័ម ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈាន ដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។
ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «នាពេលថ្មីៗនេះ ភាគីថៃបានបិទ ឬផ្លាស់ប្តូរពេលវេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី ការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ ស្ថានការណ៍នេះ អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្ត និងខេត្តជាប់ព្រំដែន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា៖ «ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែល តម្រូវឱ្យដាក់ចេញវិធានការចាំបាច់ បុរេសកម្ម បត់បែន និងឆាប់រហ័ស ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ»។
ក្នុងន័យនេះ ដើម្បីត្រៀមលក្ខណសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតប និងគ្រប់គ្រងសភាពការណ៍តានតឹងនាពេលបច្ចុប្បន្នក្នុងស្មារតីម្ចាស់ការ និងភាពប្រុងប្រយ័ត្នខ្ពស់ សំដៅថែរក្សាការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយរក្សាបាននូវព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួនដូចខាងក្រោម៖
សូមអានលិខិត៖

