2025-06-10 18:37
31

ប៉ៃលិន៖ អ្នកបើកបរត្រាក់ទ័រភ្ជួរដីម្នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ផ្ទុះមីនតោន កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៤០នាទីរសៀល ខណៈពេលកំពុងភ្ជួរដីស្រែ ស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមប្រភពពីអាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីផ្ទុះមីនតោនខាងលើ មានឈ្មោះ យ៉ាន ដា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ 

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បើកត្រាក់ទ័រ ០១គ្រឿង ដើម្បីភ្ជួរដីស្រែ ខណៈពេលកំពុងតែភ្ជួរស្រាប់តែប៉ះគ្រាប់មីនតោន ដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះកក្រើកដីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយស្នូរផ្ទុះប្រជាពលរដ្ឋ បានទៅមើលប្រទះឃើញអ្នកបើកបរត្រាក់ទ័របានស្លាប់ និងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីចុះមកអន្តរាគមន៍។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕