2023-06-19 18:14
656


នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 


រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។
គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។ 
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុងរាជធានីភ្នំពេញនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តជប៉ុន ,បារាំង និងអឺរ៉ុប ដែលបានជួយដល់កម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងក្រុងតាខ្មៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សម្តេចតេជោបានបន្តទៀតថា ការធ្វើទំនើបកម្មជាបន្តបន្ទាប់អាងប្រព្រឹត្តកម្មទឹកស្អាតនៅភ្នំពេញ គឺជាផ្នែកមួយដ៏ធំសម្រាប់ជំរុញចរន្តទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំពាធទឹកបាញ់ចេញរហូតដល់២៨ម៉ែត្រ ដែលនឹងផ្ដល់សេវាទឹកស្អាតជូនដល់ប្រជាពលរដ្ឋកាន់តែងាយស្រួល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាសជាច្រើននោះ យើងនៅតែត្រូវការទឹកស្អាតជាបន្តបន្ទាប់ទៀត។ 


នៅថ្ងៃនេះ សម្តេចតេជោ បានបន្តអំពាវនាវដល់ទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ(AFD)បន្តជួយដល់កម្ពុជាលើវិស័យទឹកស្អាតជំហានទី៣ជាបន្តទៀត។ សម្តេចតេជោបានមានប្រសាសន៍រំលឹកគ្រាអតីតកាល ដែលសម្តេចត្រូវបាត់បង់កូនម្នាក់(រលូត) បន្ទាប់ពីភរិយារបស់សម្តេច ពេលកំពុងមានផ្ទៃពោះ តែងចុះទៅដងទឹកទន្លេ ដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះហើយទើបសម្ដេចបានយល់ដឹងយ៉ាងច្បាស់អំពីអតីតកាលជាពិសេសតម្រូវការនៃការប្រើប្រាស់ទឹកនេះ ទើបខិតខំកសាងអភិវឌ្ឍន៍វិស័យទឹកស្អាតនេះសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ឱ្យល្អប្រសើរ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោត សម្ដេចនឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត ដោយចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។សម្ដេចតេជោ បន្តបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ។
ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់មក សម្ដេចតេជោក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួនដែលបានរួមចំណែកក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ និងអញ្ជើញពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែនេះក្នុងបរិយាកាសរីករាយក្រៃលែង៕