2023-06-20 18:16
684

 

នារសៀលថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា។


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានធ្វើរបាយការណ៍ជូនសម្ដេចតេជោ នាយករដ្ឋមន្រ្តីថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសម្ដេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីជាសមាជិករាជរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់តាមក្រសួង ស្ថាប័ន ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សរុប៧២០នាក់។ 
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាក្នុងនីតិកាលទី៦ រាជរដ្ឋាភិបាលបានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជាង៤ម៉ឺននាក់ ក្នុងនោះមានមន្រ្តីមកពីថ្នាក់ជាតិជាង២ម៉ឺននាក់ និងត្រូវបានដាក់ពង្រាងនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនានាទូទាំងប្រទេស ដើម្បីចុះតាមខ្នងផ្ទះ និងធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ។
សម្ដេចបន្តថាក្រុមការងារគ្រប់ថ្នាក់ បានយកអស់កម្លាំងកាយប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបំពេញការងារចុះមូលដ្ឋានយ៉ាងសកម្ម និងសម្រេចបានសមិទ្ធផលនានាជាច្រើនលើគ្រប់វិស័យ ព្រមទាំងយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអំពីគោលនយោបាយ និងគោលការណ៍ វិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីលើកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្ថែមថានៅក្នុងរយៈពេលជិតពេញមួយអាណត្តិនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានការគាំទ្រពីក្រសួង ស្ថាប័ន អាជ្ញាធរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដោយមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋ បានរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាព ស្ថេរភាពនយោបាយ រក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការជំរុញការទទួលសេវាសាធារណៈ និងកៀគរការគាំទ្រពីសប្បុរសជនដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រម្លឹកថាការដឹកនាំប្រទេសរបសរដ្ឋ និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាបានពង្រាយមន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២មកម្ល៉េះ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។


សម្ដេចបន្ថែមថាតាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរាជធានីខេត្ត យើងបានដោះស្រាយបញ្ហាជាច្រើនរួមទាំងសមិទ្ធផលសំខាន់ៗជាច្រើនទៀតសម្រាប់ជាតិមាតុភូមិ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមុតស្រួច និងប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងលើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ ដែលធ្វើឱ្យមានលំនឹង និងកំណើនសេដ្ឋកិច្ច ព្រមទាំងជីវភាពប្រជាពលរដ្ឋល្អប្រសើរថែមទៀតផង។ក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយនឹងប្រទេសនានាលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យអនុម័តលើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ខណៈដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងតំណាងរាជរដ្ឋាភិបាល នឹងឡើងការពារវិសោធនកម្មច្បាប់នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជារក្សាការពារបាននូវសុខសន្ដិភាព និងម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលមិនច្បាស់លាស់ជារៀងរៀលថ្ងៃ។
សម្តេចតេជោបានបន្តទៀតថា នៅក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យ ក្នុងតួនាទីប្រធានប្ដូរវេនអាស៊ាន និងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចំណែកនៅលើកឆាកអន្តរជាតិកម្ពុជាកំពុងចូលរួមយ៉ាងសកម្មដោយស្នើភាពស្នើសិទ្ធ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា ការអនុវត្តការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពិសេសការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលតែងតែកើតមានជាប្រចាំនោះ។
ពីវេទិកាអធិបតីនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ថា នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងផ្លាស់ប្ដូរយុទ្ធសាស្រ្ដចតុកោណ ទៅជាយុទ្ធសាស្រ្ដបញ្ចកោណដែលយុទ្ធសាស្រ្ដនេះនឹងប្រមូលនូវធាតុទាំងឡាយក្នុងយុទ្ធសាស្រ្ដចតុកោណ និងបន្ថែមធាតុចូលថ្មីៗថែមទៀត ដើម្បីផ្ដោតលើការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាមន្ត្រីរដ្ឋាភិបាលចុះជួយមូលដ្ឋានទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕