
ភ្នំពេញ៖ ប្រមុខរដ្ឋភិបាលកម្ពុជា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងសារថា៖ «នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រ នៃការវាយប្រហារទៅដល់តំបន់មុំបី»។ សម្តេចធិបតី នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ «កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ»។
សម្តេចធិបតី នាយឧត្តមសេនីយ៍ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រក្រតី៕


