2025-08-10 14:19
68

ភ្នំពេញ៖ គិតត្រឹមម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ០៩ ប្រទេស ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា កំពុងធ្វើដំណើរចុះទៅដល់ទីតាំងជាក់ស្តែង ដើម្បីពិនិត្យមើលទីតាំងជាក់ស្តែង ដោយការទម្លាក់គ្រាប់បែកប្រភេទ MK-84 និងគ្រាប់ផ្លោងដោយមិនរើសគោលដៅរបស់យោធាថៃមកលើផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក្នុងកំឡុងពេលមានជម្លោះដោយប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិគោកមន ឃុំថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ០៩ ប្រទេស មានសមាជិក សរុបចំនួន ១៤ រូប មកពីប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម ព្រមទាំងដៃគូរពាក់ព័ន្ធផ្សេងៗទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់បែបនេះ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា បេសកកម្ម និងសកម្មភាពនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី៕