
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន និងក្រុមការងារថត ចូលជួបសម្តែងការគួរសមពិភាក្សាការងារអំពីដំណើរការថត និងស្នើសុំគោលការណែនាំពីសំណាក់លោករដ្ឋមន្ត្រី លើការងារថតឃ្លីបវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាជូនក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នាទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់ ដល់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways និងក្រុមហ៊ុន Jacob Media United States ដែលបានសហការគ្នាថតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនក្នុងតំបន់មជ្ឈឹមបូព៌ា និងពិភពលោកទាំងមូល។
លោករដ្ឋមន្រ្តី ហួត ហាក់ បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមផលិតករជួយផលិតវីដេអូឱ្យមានកម្រិតគុណភាពខ្ពស់ និងជួយសំរិតសំរាំងលើខ្លឹមសារ និងរូបភាព ហើយត្រូវសហការជាប់ជាប្រចាំជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដើម្បីអាចសម្រេចគោលដៅការងារដោយរលូន និងប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមការងារក្រុមហ៊ុន ជួយផ្សព្វផ្សាយពីស្ថានភាពសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសុខសុវត្ថិភាពដែលកម្ពុជា ផ្តល់ជូនដល់ភ្ញៀវទេសចរទាំងអស់អញ្ជើញមកកម្ពុជា ដូចដែលក្រុមការងារបានឃើញផ្ទាល់នាពេលនេះ។
ជាចុងក្រោយ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជូនពរដល់ក្រុមការងារបានជោគជ័យក្នុងភារកិច្ចដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ និងសូមធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។
តំណាង និងក្រុមការងាររបស់ក្រុមហ៊ុន Jacob Media United States បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញាតជូនក្រុមការងារផលិតឃ្លីបបានចូលជួបសម្តែងការគួរសមនាពេលរសៀលនេះ និងបេ្តជ្ញាផ្សព្វផ្សាយពីព៍ត៌មានពិតពីប្រទេសកម្ពុជាដែលបានជួបផ្ទាល់ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាដូចបានទទួលពីសំណាក់លោករដ្ឋមន្រ្តី ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និង followers របស់ខ្លួនទាំងអស់។
សូមបញ្ជាក់ជូនថា តាមរយៈប្រភពព័ត៌មានផ្សព្វផ្សាយជាសាធារណៈ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានីអាប៊ុយដាប៊ី «Abu Dhabi» មានយន្តហោះ ជាង ១១០ គ្រឿង និងហោះហើរទៅកាន់គោលដៅ ជាង ១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរ ជាង ២០ លាននាក់ ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ហើយក្រុមហ៊ុន នឹងចាប់ផ្តើមជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី «Abu Dhabi» មករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕
