2025-08-30 12:32
27

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (Steering Committee for Health Equity and Quality Improvement Project Phase 2 “H-EQIP 2”) ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមចម្បងៗ ដំណោះស្រាយ និងជូនអនុសាសន៍ទិសដៅបន្ទាប់។ 

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងគម្រោង និងសូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ការចែករំលែកចំណេះដឹង និងទស្សនទានសុខាភិបាល ប្រកបដោយសមធម៌ និងគុណភាពខ្ពស់ សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរ ដល់ក្រុមការងារពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក និងបានសម្តែងនូវការគាំទ្រយ៉ាងមុតមាំ និងលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការទៅមុខទៀត ដើម្បីប្រែក្លាយជាអត្ថប្រយោជន៍ដល់ប្រជាជន ជាពិសេសក្រុមប្រជាជនងាយរងហានិភ័យ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អង្គប្រជុំរួមមាន៖ ចែករំលែកព័ត៌មានទៅវិញទៅមកជាប្រចាំ ព្រោះការចែករំលែកនេះ ជាចលករសំខាន់ក្នុងការជម្រុញកិច្ចការងារឱ្យទទួលបានជោគជ័យ ដោយអាចដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយបានឆាប់រហ័ស។ រៀបចំតារាងពិនិត្យ និងវិភាគវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពដែលបានអនុវត្ត និងសកម្មភាពដែលត្រូវអនុវត្តបន្ត។ អនុវត្ត សកម្មភាពអទិភាពដោយភាពបត់បែន គ្រប់ជ្រុងជ្រោយ និងបុរេសកម្ម និងបង្កើតផែនទីគំនិត (Brainstorming) ដើម្បីរៀបចំផែនការអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី មកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងដៃហិរញ្ញប្បទាន (KfW, KOICA, DFAT, GFF)  និង លោក លោកស្រីប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការ PBC នីមួយៗក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) សរុបចំនួន ៣៦ រូបផងដែរ៕