
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី មានករណីអំពើឃាតកម្មដ៏សាហាវមួយកើតឡើង ដោយស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណប្រើប្រាស់កូនកាំបិតចាក់និងអាករសម្លាប់យ៉ាងព្រៃផ្សៃ រួចឃាតករបានគេចខ្លួនបាត់ ត្រង់ចំណុចសួនច្បារមុខសាលាកោះពេជ្រ វិថីសួនច្បារ ក្រុម ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតមានហេតុការណ៍ខាងលើ ក៏មានការផ្សព្វផ្សាយព្រោងព្រាត ជុំវិញ លោកអធិការរងម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនថា បានស្រែកសម្លុត និងប្រើពាក្យសំដីរួមទាំងកាយវិកាមិនសមរម្យចំពោះស្រ្តី២នាក់ ដែលបានឃើញហេតុការណ៍ឃាតកម្មផ្ទាល់ នៅចំណុចកោះពេជ្រ ខណ្ឌចំការមន កាលពីយប់អធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។
ចំពោះករណីនេះក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបង្ហោះសំណេរបំភ្លឺថា បន្ទាប់ពីទទួលបានព័ត៌មានករណីអំពើឃាតកម្មខាងលើ កម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ ឋានៈ អធិការរង ទទួលបន្ទុកផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងសម្ភាសន៍ជាមួយស្រ្តី២ នាក់ មានឈ្មោះ សៀម ចាន់សន និងឈ្មោះ ឃន់ ស្រីកា នៅកន្លែងកើតហេតុ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ បានស្នើសុំ ពួកគាត់សហការទៅធ្វើសាក្សីបំភ្លឺ ពីព្រោះគាត់អាចជាសាក្សីសំខាន់ផងដែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ជុំវិញរឿងហេតុខាងលើ តែដោយស្ត្រីទាំង២នាក់ បានប្រកែកនឹងអង្គុយលើម៉ូតូបម្រុងចាកចេញទៅ មិនចង់សហការជាមួយសមត្ថកិច្ច។ ខណៈនោះលោកវរសេនីយ៍ត្រី ហួត គង់ ក៏បានស្រែកបញ្ជាទៅលោកព្រិន្ទបាលឯក ប៊ុន សុវណ្ណវឌ្ឍនា ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើការដកសោរម៉ូតូពីពួកគាត់ខាងលើ ដើម្បីអញ្ជើញពួកគាត់ទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បន្តថា បន្ទាប់មកពួកគាត់ក៏បានសហការជាមួយសមត្ថកិច្ចយល់ព្រមទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក្រោយពីបំភ្លឺរួចហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យពួកគាត់ចាកចេញទៅ ដោយមិនបានឃាត់ខ្លួនពួកគាត់នោះទេ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី ករណីលោកអធិការរងខាងលើ ប្រធានអង្គភាពក៏បានអញ្ជើញគាត់មកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាដែលបំពេញភារកិច្ចប្រើពាក្យសំដីនិងកាយវិកាមិនសមរម្យរួចហើយ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ សីហា នារីវ័យក្មេងម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុងឈាម នៅបរិវេនសួនច្បារកោះពេជ្រ ដោយមានស្នាមអា.ក និងចាក់សម្លាប់ជាច្រើនកាំបិត រួចជនសង្ស័យក៏រត់គេចខ្លួនបាត់ ដោយមិនទាន់ដឹងពីមូលហេតុពិតនៅពីក្រោយអំពើឃាតកម្មនេះនៅឡើយទេ៕

