2025-08-31 10:55
18

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា «ACU» កំពុងធ្វើការស៊ើបអង្កេតលើករណីបង្ហោះលើបណ្តាញសង្គមថា «បែកធ្លាយវិញ្ញាសារគណិវិទ្យាថ្នាក់វិទ្យាសាស្ត្រ» ក្នុងប្រឡងបាក់ឌុបសម័យប្រឡងៈ ២៨-២៩ សីហា ២០២៥ នេះ។  គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ACU មិនទាន់រកឃើញក្រដាសវិញ្ញាសារពិតប្រាកដនៅឡើយទេ។ 

តាមរបាយការណ៍របស់ ACU បានឱ្យដឹងថា៖ គិតត្រឹមថ្ងៃសៅរ៍ទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣០នាទី ACU នៅតែរកមិនឃើញរូបពិតប្រាកដនៃវិញ្ញាសារគណិតវិទ្យានេះ នៅតាមការបង្ហោះនានានៅឡើយទេ ហើយឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថតជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូបរាងពិតឡើយ។ 

ACU បានបញ្ជាក់ថា ប្រសិនបើមានបែកធ្លាយវិញ្ញាសាមែន (ប្រសិនបើ) ហើយបែកធ្លាយមុនម៉ោងប្រឡងនោះមិនមែនករណីអ្នកកាន់ទូរសព្ទនោះទេ។ 

ផ្ទុយទៅវិញ ប្រសិនបើជាការបែកធ្លាយវិញ្ញាសា (ប្រសិនបើ) ក្រោយម៉ោងប្រឡងនោះ មិនមែនជាការបែកធ្លាយវិញ្ញាសាទេ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងៈ ២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ១៤៦ ៧២០នាក់ (ស្រី ៨១ ៤៤២នាក់)។ 

ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុបចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ 

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជន ចំនួន ១ ៨៧២ នាក់ (ស្រី ៧៥១នាក់) បានអវត្តមាន គឺស្មើនឹង ១,២៧ ភាគរយ នៃបេក្ខជនមកប្រឡងសរុប ក្នុងចំណោមបេក្ខអវត្តមាន បេក្ខជនស្វ័យរិន ១ ៥២២ នាក់ (ស្រី ៥៨៦ នាក់) និងបេក្ខជនចំណេះទូទៅអវត្តមាន ៣៥០ នាក់ (ស្រី ១៦៥ នាក់)៕