2025-08-31 12:29
23

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ចំពោះបុគ្គលិកអប់រំណាដែលប្រើប្រាស់ទូរសព្ទនៅក្នុងមណ្ឌលកំណែនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងមិនអនុញ្ញាតឱ្យចូលដំណើរការប្រឡងជារៀងរហូត។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានណែនាំមិនឱ្យមានការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែ ក្នុងដំណើរការកំណែ និងមុនការប្រកាសលទ្ធផល សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ 

ដោយក្រសួងបានបញ្ជាក់ថា «ការផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ និងសន្លឹកកិច្ចការសិស្សតាមគ្រប់រូបភាព ជាអំពើល្មើសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

សូមជម្រាបថា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈមេប្រយោគទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ដុំ និងបែងចែកសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអង្គភាពប្រឆាំងអំពើពុករលួយ។ 

តាមការគ្រោងទុកក្រសួងបានកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងនៅទូទាំងរាជធានី-ខេត្ត ព្រមទាំងមានការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕