
ភ្នំពេញ៖ តាមលទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រនៃការស្លាប់របស់សត្វដំរីគី «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅបានបង្ហាញថា បណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។ នេះបើយោងតាមការបញ្ជាក់ របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឱ្យដឹងថា ប្រភេទជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន «Progesterone» និងកម្រាស់ស្រទាប់ស្បូនបង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬ បាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងរ រហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។
ជាមួយគ្នានេះពពួកបាក់តេរី E.coli និង E. faecium ដែលរកឃើញក្នុងស្បូនរបស់ «ឡាក់គី» មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក១០មុខផ្សេងទៀត។
ស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិក មិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ ជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព គឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះ គឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត។
ពាក់ព័ន្ធការស្លាប់របស់សត្វដំរីញី «ឡាក់គី» រដ្ឋបាលព្រៃឈើសង្ឃឹមថា ករណីនេះនឹងជួយបង្កើនការយល់ដឹងបន្ថែមរបស់សាធារណជនអំពីភាពស្មុគស្មាញនៃការថែទាំសុខភាពសត្វព្រៃ និងជំរុញឱ្យមានការបន្តគាំទ្រកិច្ចការអភិរក្ស និងថែរក្សាសត្វព្រៃនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅរឹតតែទូលំទូលាយទៅថ្ងៃអនាគត៕

