2025-09-01 16:14
30

បន្ទាយមានជ័យ៖ ជនជាតិថៃ និងភូមា ចំនួន ០៨ នាក់ បានលួចឆ្លងដែនចេញចូលកម្ពុជា ដោយខុសច្បាប់ត្រូវបានបាននគរបាលវរៈការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកងកម្លាំងប្រដាប់អាវុធតាមបន្ទាត់ព្រំដែននិងប៉ុស្តិ៍នគរបាលរដ្ឋបាលទប់ស្កាត់ និងបង្រ្កាប នៅវេលាទាបភ្លឺថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ចំណុច ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាប់ជនបរទេសនេះ ធ្វើឡើងជាពីរតំណាក់កាលដោយតំណាក់កាលទីមួយនៅយប់ម៉ោង ១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហានេះ ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ជនជាតិថៃ ចំនួន ០៣ នាក់ (ស្រី០១នាក់) បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់ និងម៉ូតូកង់បី ០១គ្រឿង គ្មានស្លាកលេខ ដែលជនសង្ស័យបានដឹកជនជាតិថៃ បន្សល់ទុកនៅកន្លែងកើតហេតុ (អ្នកបើកបរបានរត់គេចខ្លួនបាត់) ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចម្ងាយពីអូរព្រំដែនប្រហែល៩០០ម៉ែត្រ។ 

ចំណែករណីទី២ បង្ក្រាបជនជាតិភូមា ចំនួន ០៥ នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុច ភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃ ស្ថិតនៅក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោយការឃាត់បានជនបរទេសទាំងជនជាតិថៃ និងភូមា ខាងលើត្រូវបានកម្លាំងនគរបាលរដ្ឋបាលអូរស្រឡៅបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តនីតិវិធីបន្ត។

ដូចការឃាត់ចាប់បានខាងលើនេះ មិនថាពលករខ្មែរ ថៃ ឬជនបរទេសទេ គឺសុទ្ធតែលួចលាក់ឆ្លងទៅឆ្លងមកតាមព្រំដែនដោយខុសច្បាប់៕