2025-09-02 09:55
19

កំពង់ចាម៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់អន្តរាគមន៍ជួយបាញ់ពន្លត់ករណីគ្រោះអគ្គិភ័យ នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅអគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋាន «វីអេក» នៅតាមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ក្នុងប្រតិបត្តិការពន្លត់ករណីអគ្គិភ័យខាងលើ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៥ គ្រឿង ចេញជួយអន្តរាគមន៍សង្គ្រោះជាបន្ទាន់ ដោយបាញ់អស់ទឹក ចំនួន ២១ ស៊ីទែន ទើបគ្រប់គ្រងស្ថានការណ៍ បាន១០០ភាគរយ មិនបណ្ដោយឱ្យឆាប់ឆេះរីករាលដាលបន្តទៀតឡើយ។

ចំពោះមូលហេតុបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គសនី ធ្វើឱ្យខូចខាតអគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋាន «វីអេក» ចំនួន ០១ ខ្នង តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ។ បច្ចុប្បន្នជំនាញកំពុងសិក្សាវាយតម្លៃ អំពីទំហំនៃការខូចខាតលម្អិត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការពិនិត្យមើលឡើងវិញចំពោះ ការរៀបចំបណ្ដាញអគ្គីសនីនៅតាមផ្ទះ តាមអគារ ភោជនីយដ្ឋាន និងនៅបន្ទប់ស្នាក់នៅជាដើម ត្រូវរៀបចំតាមលក្ខណៈបច្ចេកទេសក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងកុំឱ្យកើតឡើងនៅហានិភ័យណាមួយ ជាយថាហេតុ៕