
ព្រះសីហនុ៖ ក្រុមចោរជនសង្ស័យប្លន់សម្លាប់ជនរងគ្រោះជាថៅកែលក់-ទិញអេតចាយយកប្រាក់ ប្រមាណ ២៤លានរៀល នៅក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រើប្រាស់ជំនាញរយៈពេលត្រឹម៤ម៉ោងប៉ុណ្ណោះ ក្នុងការស្រាវជ្រាវបង្ក្រាប និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៣នាក់ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
តាមរបាយការណ៍បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២និង២០នាទី កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ មានករណីកំហែងយកបណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅផ្ទះលក់អេតចាយមួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីការស្រាវជ្រាវ និងសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣ នាក់ ភេទប្រុស និងដកហូតវត្ថុតាងជាច្រើន រួមមាន ទូរសព្ទ ចំនួន ០៤ គ្រឿង ហិបដែកសុវត្ថិភាព ម៉ូតូ ០២ គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ង៉ូវ ឡុង ភេទប្រុស អាយុ ៨៤ឆ្នាំ សម្ភារបាត់បង់ ប្រាក់ប្រមាណ ២៤ លានរៀល និងទូរសព្ទ ចំនួន ០៣ គ្រឿង។
បច្ចុប្បន្នជនសង្ស័យក្នុងករណីខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួង និងបន្តនីតិវិធីតាមផ្លូវច្បាប់៕

