2025-09-02 12:54
15

ភ្នំពេញ៖ កុមារកម្ពុជា ជាង ១,៧ លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ។

ក្រោមជំនួយសហហិរញ្ញប្បទានថវិកា ចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណង ចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund)។ គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើមូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែមានភាពធន់ និងវិបុលភាពជាងមុន»។

ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានាបានបង្ហាញថា “កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាន” ដែលចាំបាច់សម្រាប់ការបន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការអនុវត្តសកម្មភាពដែលមានប្រសិទ្ធភាពក្នុងការចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់កុមារ។

លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនវែងឆ្ងាយទៅមុខរបស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ប្រទេសនេះ។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជាសម្រាប់ការងារនាពេលខាងមុខ»។

គម្រោងនេះនឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈ ចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មី ចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។ 

បន្ថែមលើសិស្សបឋមសិក្សា ជាង ១,៧ លាននាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល ២ ២០០ នាក់ និងកុមារអាយុពី ៣ដល់៥ឆ្នាំ ជាង ៥០ ០០០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មតេ្តយ្យសិក្សា។ ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូងនៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០ នាក់ និងផ្តល់ការបង្រៀនដល់សិស្សដែលរៀនអន់ជាងគេដែលជាគោលដៅត្រូវជួយ។ 

លើសពីនេះ ដើម្បីកាត់បន្ថយភាពណែនណាន់ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ថ្នាក់រៀនថ្មី ចំនួន ៩០០ បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ប្រើប្រាស់ដោយឡែកពីគ្នា ផងដែរ៕