
ខេត្តព្រះសសីហនុ ៖ ប្រភពបែកធ្លាយមួយបានឲ្យដឹងថា កាស៊ីណូឈ្មោះ ទឹង ស៊ីង ស្ថិតនៅក្នុងសង្កាត់២ ក្រុង-ខេត្តព្រះសីហនុ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូរបស់ខ្លួនយ៉ាងគគ្រឹគគ្រេងដូចគេទៅលេងកឋិន ល្មើសនឹងច្បាប់ ក៏ដូចជាល្មើសនឹងការហាមប្រាមរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ហៅកាត់ថា គ ល ក ទៀតផង ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកាស៊ីណូ ទឹង ស៊ីង ខាងលើបានឲ្យដឹងថា ក្នុងចំណោមអ្នកចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូមួយនេះជារៀងរាល់ថ្ងៃនេះ មានប្រមាណពី៨០ទៅ៩០%ជាប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏មានទាំងមន្ត្រីរាជការបន្លំស្លៀកពាក់ស៊ីវិល ចូលទៅលេងផងដែរ ។
ក្រោយពីទទួលបានព័ត៌មាននេះ អ្នកសារព័ត៌មានយើងក៏បានចុះទៅដល់ទីតាំងកាស៊ីណូ ទឹង ស៊ីងភ្លាមដើម្បីតាមដានឲ្យច្បាស់នឹងភ្នែក យើងបានថតយករូបភាព និង ពិនិត្យឃើញថា អ្នកចូលលេងល្បែងក្នុងកាស៊ីណូមួយនេះភាគច្រើនជាជនជាតិខ្មែរពិតប្រាកដមែន។
បើយោងតាមសេចក្ដីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាលេខ ០១៣/២៣ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្ដីពីការឹតត្បិតការលេងល្បែងក្នុងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមមាត្រា៦៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មានចែងហាមប្រាមដាច់ខាតចំពោះបុគ្គលច្រើនប្រភេទ ពិសេសចំណុចចុងក្រោយគឺបានហាមដាច់ខាតចំពោះប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និង ពលរដ្ឋទទួលអណត្តិដោយការបោះឆ្នោត ។ ចុះហេតុអ្វីបានជាកាស៊ីណូ ទឹង ស៊ីង នៅទុលនឹងមុខប៉ុស្តិ៍សង្កាត់លេខ២ ក្រុងព្រះសីហនុ នៅតែបើកទ្វារបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងមិនគិតពីច្បាប់អញ្ចឹង ? ហើយប្រសិនបើថៅកែកាស៊ីណូប្រព្រឹត្តិល្មើសច្បាប់បែបនេះ ហេតុអីមន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នាសម្ងំស្ងៀមដេកលក់ស្រួលម៉្លេះ ? ចាញ់ឥទ្ធិពលតាទេវប្រាក់ទេដឹង ?
លោក វ៉ា ចាន់ថេត ដែលគេស្គាល់ថា ជាប្រធានការិយាល័យ គលក ដែលប្រចាំការនៅខេត្តព្រះសីហនុ ច្រើនឆ្នាំកន្លងមកនោះ សហការីស្ថានីយទូរទស្សន៍ MSJ TV យើង កន្លងមក បានសុំការបកស្រាយបំភ្លឺពីលោកផងដែរ ប៉ុន្តែលោកបាននិយាយថា លោកត្រូវបានផ្ទេរភារកិច្ចចេញពីខេត្តព្រះសីហនុហើយ។
ដូច្នេះសូមទៅទំនាក់ទំនងជាមួយនឹងមន្ត្រីដែលប្រចាំការនៅខេត្តព្រះសីហនុទៅ។
ពាក់ព័ន្ធនឹងចម្ងល់នេះកន្លងអង្គភាពយើងធ្លប់បានទាក់ទងសុំការបកស្រាយ ពីលោក ទូច សុភ័ក្ត្រ មន្ត្រីនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្រចាំខេត្តព្រះសីហនុ ជាច្រើនដងច្រើនសារដែរ តែលោកមិនដែលលើកទូរស័ព្ទអ្នក សារព័ត៌មានទេ។
លោកវរសេនីយ៍ទោ យិន ប៊ុន ថេង មន្ត្រីប៉ូលីសនាយការរិយាល័យ ដែលមានកាតព្វកិច្ចគ្រប់គ្រងល្បែងពាណិជ្ជកម្ម តាមCasino កន្លងមក កាលទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោកធ្លាប់បានប្រាប់អង្គភាពយើងប្រកបដោយក្រមសីលធ៌ម និយាយទាំងញញឹមថា ធម្មតាច្បាប់គេមិនអនុញាតិឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទេ លុះត្រាតែគាត់មានសញ្ជាតិ២ទើបអនុញាតិឲ្យចូលលេងបាន ។ ដោយឡែកបងប្អូនដែលមានអាជីវកម្មនៅក្នុងនោះ ពេលខ្លះគាត់ឆ្លៀតលេងបន្តិចបន្តួចវាជារឿងធម្មតា ប៉ុន្តែភាគច្រើនពលរដ្ឋទាំងនោះតែងតែយកលេស ថាចូលដើម្បីធ្វើការងារ ឬ ហូបចុកចំណីអាហារក្នុងនោះ ហើយលួចលេងគឺតែងតែមានចៀសមិនផុតឡើយ ។ លោកថា កម្លាំងរបស់លោកតែងតែចុះទៅណែនាំម្ចាស់កាស៊ីណូជារឿយៗដែរ ប៉ុន្តែកម្លាំងដែលត្រូវឈរចាំឃ្លាំមើលអចិន្ត្រៃយ៍គឺមិនគ្រប់ មិនសមតុលជាមួយចំនួនកាស៊ីណូ ទើបយើងមានការខ្វះចន្លោះ មើលមិនគ្រប់ជ្រុងជ្រោយបែបនេះ ។
ទោះជាមានការពន្យល់យ៉ាងពីរោះក្បោះក្បាយយ៉ាងណាក្ដីក៏អ្នកព្រោកប្រាជ្ញតាមតុកាហ្វេបានដាក់កាសង្ស័យថា កាស៊ីណូនេះជាឆ្នាំងបាយរបស់អ្នកមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដោយគេបានប្រើប្រាស់យ័នតាស្រម៉ូមទៅបិទបាំង ទើបធ្វើឲ្យមន្ត្រីជំនាញ ក៏ដូចជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធស្រវាំងភ្នែក ហ៊ឹងត្រចៀក វង្វេងស្មារតី មើលលែងឃើញ ស្ដាប់លែងឮ និង មិនមានសមត្ថភាពចេញទប់ស្កាត់ ឬបង្ក្រាបបែបនេះ ។
ដូច្នេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាមហាជនបានទទូចស្នើសុំឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ មានលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលខេត្ត ;ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង លោកឧបនាយកករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជ្រដ្ឋាភិបាល មេត្តាប្រញ៉ាប់ចាត់វិធានការណ៍ជាបន្ទាន់ចំពោះកាស៊ីណូ ទឹង ស៊ីង ដែលចេះតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងដោយសេរី ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភដល់ភាពអសន្តិសុខ និង អសុវត្ថិភាពក្នុងមូលដ្ឋានដែលអាចនឹងកើតមានឡើងដោយសារការចាញ់ល្បែងបង្កជាអំពើហឹង្សាក្នុងគ្រួសារ អំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ។ ពិសេសសូមត្រួតពិនិត្យលើភាពមិនប្រក្រតីរបស់សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញនៅមូលដ្ឋាននោះផង ព្រោះសព្វថ្ងៃពួកគាត់ហាក់ដូចជាត្រូវថ្នាំសណ្ដំដេកលង់លក់អស់ហើយ ៕


