2025-09-08 10:21
33

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅយប់ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើការបញ្ជាក់ថា «វិញ្ញាសារគណិតវិទ្យា ក្នុងការប្រឡងបាក់ឌុបមិនមែនបែកធ្លាយមុនម៉ោងប្រឡងទេ»។

ACU បានលើកឡើងថា ទោះបីក្រុមការងារមមាញឹកយ៉ាងខ្លាំងលើការងារជាច្រើនក្តី ប៉ុន្តែការងាររកឃើញថា «ការធ្លាយវិញ្ញាសាគណិតវិទ្យា មុនម៉ោងប្រឡង មានមែនពិត ឬមិនមាន» នៅតែជាការងារដែលក្រុមកាងារដឹកនាំដោយ លោក យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. ត្រូវតែបំពេញឱ្យបានចប់សព្វគ្រប់
ការសង្ស័យនូវលទ្ធភាពបែកធ្លាយតាមដំណាក់កាលខ្លះៗ តើក្នុងដំណាក់កាលតាក់តែង បោះពុម្ភ ថតចម្លង វេចខ្ចប់ អាចមានការបែកធ្លាយឬទេ? គ្រប់អ្នកតាក់តែងវិញ្ញាសាទាំងអស់ ទាំងវិញ្ញាសាគណិតវិទ្យាផង ត្រូវបញ្ជូនទៅតែមន្ត្រីជាន់ខ្ពស់មួយរូបប៉ុណ្ណោះ ដែលមានតួនាទី ជា «អនុរដ្ឋលេខាធិការ» ហើយអនុរដ្ឋលេខាធិការមួយរូបនេះជាអ្នករៀបចំដាក់ជូនរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា (អ.យ.ក) ពិនិត្យ និងមានហត្ថលេខាសង្ខេប (Griff) ហើយទទួលពីរដ្ឋមន្ត្រីមកវិញ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ ឈរបោះពុម្ភ ថតចម្លងវិញ្ញាសា ជាមួយម៉ាស៊ីន ០៦ គ្រឿង តែម្នាក់ឯង ហើយវិញ្ញាសា គណិតវិទ្យាថតចេញមកដោយផ្កាប់ (មើលមិនឃើញវិញ្ញាសា) ត្រូវរាប់ដោយមនុស្ស ១០ នាក់ ហើយ អ្នករៀបចំយកវិញ្ញាសានោះដាក់ចូលក្នុងស្រោមសំបុត្រមានតែ ០២ នាក់គត់ ដោយដំណើរការសន្លឹកផ្កាប់ទាំងអស់។ បញ្ចូលវិញ្ញាសាគណិតវិទ្យាថតចម្លងរួចហើយ ដាក់ក្នុងស្រោមសំបុត្រមានលក្ខណៈគិតគូរវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់។
ACU បានបញ្ជាក់ថា ទាំងស្រោមសំបុត្រតូចធំ ទាំងហិបដាក់ស្រោមសំបុត្រដែលមានសោរចាក់ជាប់សុទ្ធតែមានបិទភ្ជិតបន្ថែម (Seal/Scellé) ទាំងអស់។ ក្នុងដំណាក់កាលតាក់តែងវិញ្ញាសា និងបោះពុម្ភថតចម្លង វេចខ្ចប់វិញ្ញាសាទាំងនេះ ការស្រាវជ្រាវ របស់ក្រុមការងារ អ.ប.ព. ឃើញថា «ពុំមានបែកធ្លាយមួយសន្លឹកណាឡើយ»៕