
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានដឹកនាំក្រុមការងារអញ្ជើញកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងភរិយា លោក លោកស្រី ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ។
សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។
នាអំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌវេន១នេះដែរ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងថេរានុថេរគ្រប់ព្រះអង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម បានឧទ្ទិសថ្វាយដល់វត្ថុសក្តិសិទ្ធក្នុងលោក និងធ្វើការប្រគេនយាគូ រាប់បាត្រ និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ឋញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងសូមទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរៈជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ ព្រមទាំងចែកទានជូន លោកតាជី លោកយាយជី តាមសទ្ធាជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ដោយក្តីអនុមោទនាកុសលផលបុណ្យ។
នាឱកាសនេះ លោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទគ្រប់រូប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា ៕

