2025-09-16 10:44
14

ភ្នំពេញ៖ ថ្ងៃនេះ គឺជាថ្ងៃទី៤៩ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨ រូប ត្រូវបានចាប់ខ្លួនដោយច្បាប់អន្តរជាតិ និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ 

ប្រពន្ធ កូន ឪពុកម្តាយ សាច់ញាតិរបស់ពួកគេ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់កំពុងទន្ទឹងរងចាំមើលផ្លូវពួកគេត្រូវដោះឱ្យវិលត្រឡប់មកវិញ តាមការអំពាវនាវគ្រប់ភាគីពាក់ព័ន្ធស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

កម្ពុជា សូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ 

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕